(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសថា ករណីស្ត្រី ម្នាក់ស្លាប់ ដោយសារតែធ្លាក់ពីលើផ្ទះ ហើយពិនិត្យលើកទី២ ទើបរកឃើញកូវីដ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តចេញផ្សាយនៅថ្ងៃនេះ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសពីមរណភាពរបស់ស្ត្រីម្នាក់ ឈ្មោះ ឈៀន សុខា អាយុ ៥១ឆ្នាំ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩:១០នាទី។ ករណីស្លាប់ស្ត្រីរូបនេះ ដោយសារតែធ្លាក់ពីលើផ្ទះកម្ពស់ ៤ម៉ែត្រ បណ្តាលឲ្យសន្លប់ និងបែកក្បាលហូរឈាម កាលពីថ្ងៃទី៦មិថុនា ហើយបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មុននឹងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជ៉ុន មង្គលបូរី។
សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ លើកឡើងថា នៅពេលមកដល់មន្ទីរពេទ្យ ធ្វើតេស្តលើកដំបូង គឺស្ត្រីរងគ្រោះ មិនមានជំងឺកូវីដ១៩ទេ តែប្តីរបស់គាត់ ដែលមកមើលថែប្រពន្ធ រកឃើញវិជ្ជមានវីរុសកូវីដ១៩។ ប៉ុន្តែក្រោយពេលស្ថានភាពកាន់តែធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យជួយសង្គ្រោះស្ត្រីរងគ្រោះតាមបច្ចេកទេសអស់លទ្ធភាព ក៏នៅតែមិនអាចជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបាន ហើយគាត់បានទទួលមរណភាព នៅថ្ងៃទី៧មិថុនា វេលាម៉ោង ៩:១០នាទី។ ក្រោយពេលស្លាប់ ក្រុមគ្រូពេទ្យ បានយកសំណាកា មកពិនិត្យម្តងទៀត លទ្ធផលពិនិត្យដោយម៉ាស៊ីន GeneXpert គឺវិជ្ជមានកូវីដ១៩។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ករណីស្ត្រីខាងលើ បានស្លាប់បាត់បង់ជីវិត ដោយសាររបួសប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងមានវិជ្ជ្មានវីរុសកូវីដ១៩៕