ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រី២នាក់នៅលេងក្នុងផ្ទះសុខៗ ក៏ចេញទៅក្រៅ ហើយលង់ទឹកស្លាប់ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាគង់បានឲ្យដឹងថា៖ ក្មេងស្រីជាបងប្អូនជីដូនមួយដែលរងគ្រោះមាន ឈ្មោះ ស៊ីណា ណាមឆា ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ភិន ស៊ីណា អាយុ២៩ឆ្នាំ ម្តាយឈ្មោះ ពុន តារា អាយុ២៦ឆ្នាំ និងឈ្មោះ ថាណាយុទ្ធ អាំផៃ ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហឿង ថាណាយុទ្ធ អាយុ៣៨ឆ្នាំ និងម្តាយឈ្មោះពុន ចំប៉ី អាយុ៣១ឆ្នាំ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
តាមអាណាព្យាបាលរបស់ក្មេងបានបំភ្លឺថា ៖ មុនពេលកើតហេតុក្មេងស្រីទាំង២នាក់បានលេងក្នុងផ្ទះសុខៗ ខណៈម្តាយរវល់រៀបចំឥវ៉ាន់និងបិទតូបលក់ដូរ ក៏ទៅលេងទឹកស្រះ បណ្តាលអោយលង់ទឹកស្លាប់។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ឡៃ លោកបានអំពាវនាវដល់ឪពុក ម្តាយ និងអាណាព្យាបាលគ្រប់រូប ត្រូវបានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ របស់ខ្លួន៕