ខេត្តបាត់ដំបង ៖ បុរសម្នាក់ ចេះតែមានអារម្មណ៍ រវើរវាយ ដោយយល់ថាខ្លួន មិនមានឈ្មោះ រស់នៅក្នុងភូមិ ក៏បានសម្រេចចិត្ត យកសាំង ដុតសម្លាប់ខ្លួនឯង ឆេះខ្លោចស្លាប់ក្នុងផ្ទះ នាភូមិកំពង់ឡី ក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
លោកវ៉ាន់ សុខា មេភូមិកំពង់ឡី ក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ថា ជនរងគ្រោះដែលបានធ្វើអត្តឃាតនោះ មាន ឈ្មោះ គី ឈាន ហៅទូច មានប្រពន្ធ និងកូនចិញ្ចឹមម្នាក់ នៅក្នុងផ្ទះ។ ជនរងគ្រោះជាមនុស្សមានរោគរាំរៃប្រចាំកាយ និងមានសតិមិនល្អផង។ ដោយប៉ុន្មានថ្ងៃនេះគេតែងតែទូរស័ព្ទទៅសួរលោកមេភូមិថា ឮគេវាយវិទ្យុទាក់ទងមកប្រាប់ថា ឈ្មោះរបស់ខ្លួនមិនមាននៅក្នុងបញ្ជីភូមិ ឃុំនោះទេ បើទោះបីជាលោកមេភូមិព្យាយាមពន្យល់ច្រើនដងក៏ដោយក៏គេនៅតែបន្ត ទូរស័ព្ទមកសួរដដែលៗ ជាញឹកញាប់។
ជាចុងក្រោយគឺនៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ជនរងគ្រោះបាននិយាយប្រាប់លោកមេភូមិថា ប្រពន្ធ កូនរបស់ខ្លួនគ្រាន់តែអោយដេកស៊ីសោះ ក៏យ៉ាប់ដែរ ចាំមើលយប់នេះសម្លាប់ចោលតែម្តង។ គ្រាន់តែឮពាក្យនេះ លោកមេភូមិបានប្រាប់ទៅស្ត្រីជាភរិយា អោយចេញទៅដេកផ្ទះបងប្អូន នៅខាងក្រៅជាបណ្តោះអាសន្នសិន ក្រែងមានបញ្ហា។ លុះព្រឹកម៉ោង៦ថ្ងៃទី៣០ នេះក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះផ្ទះរបស់ជនរងគ្រោះតែម្តង ព្រមទាំងមានក្លិនសាំងផងដែរ ទើបប្រភពជាច្រើនបានសន្និដ្ឋានថា ជនរងគ្រោះប្រាកដជាចាក់សាំងដុតខ្លួនធ្វើអត្តឃាតពិតប្រាកដ ដោយសារតែការរវើរវាយផ្តេសផ្តាស់៕