ភ្នំពេញ ៖ ពេលបានដឹងពីការពិត រឹតតែអាណិតកាន់តែខ្លាំង អតីតនិស្សិត ឆ្នាំទី០២ ធ្លាក់ខ្លួនពិការភ្នែក ទាំង០២ និងបានស្លាប់យ៉ាងអាណោចអាធ័ម ជាទីបំផុត ក្រោយត្រូវរថយន្តមិនស្គាល់ម៉ាក បើកបុក នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បន្ទាប់ពីដើរចេញពីផ្ទះ ហើយឆ្លងផ្លូវ កាលពីម៉ោងប្រមាណ១០និង៣០នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២១។
សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ ចាន់ សុខភាព អាយុជាង២០ឆ្នាំ ដោយសារតែជំងឺរលាកស្រោម ខួរ ធ្វើអោយ ពិការភ្នែក ទាំងសងខាង និងជាអតីតនិស្សិតឆ្នាំទី២ ស្នាក់នៅជាមួយឪពុកម្ដាយ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សាច់ញាតិរងគ្រោះបានរៀបរាប់ឲ្យដឹងថា ជនរងគ្រោះធ្លាប់រៀនជានិស្សិតឆ្នាំទី២ តែក្រោយមកក៏មានជំងឺរលាកស្រោមខួរក្បាល ហើយក្រុមគ្រួសារខិតខំយកទៅពេទ្យព្យាបាលដែរ តែមិនបាត់ ក៏ធ្លាក់ខ្លួនឈឺទៅជាមនុស្សពិការភ្នែកត្រឹមរយៈជិត១ឆ្នាំចុងក្រោយនេះ។
ប្រភពខាងលើបានបន្តទៀតថា ក្នុងរយៈពេលអាទិត្យនេះ ជនរងគ្រោះចេះតែដើរចាកចេញពីផ្ទះ ហើយមានថ្ងៃខ្លះដើររហូតដល់ស្ពានព្រែកហូរ ត្រូវសាច់ញាតិតាមរកឃើញយកមកផ្ទះវិញ ហើយមុនថ្ងៃកើតហេតុនេះ ជនរងគ្រោះបានដើរចេញពីផ្ទះបាត់ តែសាច់ញាតិស្មានតែជនរងគ្រោះដើរលេងនៅក្បែរៗផ្ទះ មិនបានចាប់អារម្មណ៍នោះទេ លុះមកម៉ោងដល់កើតហេតុខាងលើ ក៏មានគេមកប្រាប់ថា ជនរងគ្រោះត្រូវរថយន្តបុកស្លាប់ហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកពិនិត្យនៅកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕