ភ្នំពេញ ៖ ក្រុមចោរឆក់បានបញ្ចេញសកម្មភាព ទាំងព្រលឹម ដោយឆក់កាបូបលុយពីស្រ្តីអ្នកលក់ដូរផ្លែឈើម្នាក់ មិនបានសម្រេច ខណៈជនរងគ្រោះជិះម៉ូតូទៅទិញផ្លែឈើ កាលពីម៉ោង ៥និង៤០នាទីព្រឹកព្រលឹម ថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ ស្រី ម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ ជាអ្នកលក់ផ្លែឈើ នៅផ្សារបុរីចំការដូង ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើត ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1P-8373 ចំណែកជនសង្ស័យ ជិះម៉ូតូម៉ាកនិច មិនចាំពណ៌ មិនចាំស្លាកលេខ ជិះឌុបគ្នា២នាក់បានបើករត់បាត់។
នារីរងគ្រោះនិយាយថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម្នាក់ឯង ដូចសព្វដងចេញពីផ្ទះ ទៅទិញផ្លែឈើ នៅផ្សារនាគមាស ខណៈមកដល់ចំណុច កើតហេតុ ស្រាប់តែមាន មនុស្ស២នាក់ជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបលុយ តែមិនបានសម្រេច បណ្ដាលឲ្យគាត់ដួល រងរបួសរលាត់ដៃជើង ហើយពួកវាជិះម៉ូតូគេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកចំណុចកើតហេតុសួរនាំ ដោយសារជនរងគ្រោះមិនបាត់បង់ទ្រព្យសម្បត្តិ ទើបខ្ជិលប្ដឹងផ្ដល់ ហើយក៏ទាក់ទងក្រុមគ្រួសារ មកយកទៅមន្ទីរពេទ្យព្យាបាលរបួសវិញ៕