សមត្ថកិច្ច រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះស្រាវជ្រាវករណីពុលស្រា នៅស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល ៖ បន្ទាប់ពីទទួលបានព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាលសហការជាមួយកម្លាំងអធិការនគរបាលស្រុកខ្សាច់កណ្តាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។

មន្រ្តីជំនាញបានប្រមូលគំរូសំណាកស្រាស និងស្រាថ្នាំនៅផ្ទះដែលមានទីតាំងស្ថិតក្នុងឃុំស្វាយរមៀត ឃុំកោះចូរ៉ាម និងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត។ សំណាកចំនួន៧គំរូដែលប្រមូលបាន ត្រូវបានបញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីរកវត្តមានសារធាតុមេតាណុល ដែលជាសារធាតុបង្កគ្រោះ។

អគ្គនាយកដ្ឋានក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកផលិតស្រា សូមផលិតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ចៀសវាងការយកសារធាតុ ផ្សេងៗ មកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀត។

ដើម្បីសុខភាពនិងអាយុជីវិតរបស់បងប្អូន សូមប្រុងប្រយ័ត្ន និងសូមកុំជាវស្រាស ឬស្រាថ្នាំដែលគ្មានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ យកមកប្រើប្រាស់ ឬបរិភោគជាដាច់ខាត៕

Leave a Reply

Your email address will not be published. Required fields are marked *