ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ក្នុងភូមិសាស្ត្រ ឃុំប្ញស្សីក្រោកនិងឃុំបន្ទាយនាង ត្រូវបាននគរបាលស្រុកមង្គលបូរីរស៊ើបអង្កេតស្រាវជ្រាវចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ចំនួន០៥នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា៖អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីលោកកើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បង្រ្កាបបានជនសង្ស័យជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ ត្រង់ចំណុចផ្លូវលំ ក្នុងភូមិសាស្ត្រភូមិនាងកេត ឃុំប្ញស្សី ក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨-១៩ខែកក្កដា ដោយឃាត់ខ្លួនបានចំនួន០៥នាក់ មាន៖
១/-ឈ្មោះពៅ កំពតហៅប៊ូ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាមុខសញ្ញាជួញដូរ),២/-ឈ្មោះទូច ពេជ្រ ភេទប្រុសអាយុ ២៥ឆ្នាំ នៅភូមិចំកាតតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ,៣/-ឈ្មោះហឿយ សេងហាក់ ភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិចំកាតតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ទាំង០២នាក់នេះជាមុខសញ្ញាប្រើប្រាស់),៤/- ឈ្មោះថន នឿន ហៅហាន ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិនាងកេត ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (មុខសញ្ញាជួញដូរ)និងធ្លាប់ជាប់ពន្ធនាគារចំនួន០១លើក,៥/-ឈ្មោះថន អ៊ុនតាក់ ភេទប្រុសអាយុ២៨ឆ្នាំ នៅភូមិនាងកេត ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (អ្នកផ្សំគំនិតក្នុងករណីជួញដូរ)។
សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន០៥កូនថង់ មានទម្ងន់១០៧.០៤ក្រាម ថ្លឹងទាំងសំបក,ប្រាក់ខ្មែរចំនួន១២ម៉ឺនរៀលនិងទូរស័ព្ទដៃ០១គ្រឿង។
លោកវរសេនីយ៍ឯកធិន ស៊ិនដេត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលផែនការងារ ប្រឆាំងបទល្មើសគ្រឿញៀន បានបញ្ជាក់ថា៖ជនសង្ស័យទាំង០៥នាក់និងវត្ថុតាង កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយ៕