ភ្នំពេញ ៖ ទោះបីជាអាជ្ញាធរ បានចុះបិទ ជាច្រើនលើកមកហើយ ក៏ប៉ុន្តែ ទីតាំងហាងកាហ្វេយីហោ ម្លប់ជ្រៃ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៧៤ កែងផ្លូវ១០៣ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន នៅតែអាចបើកលេងវិញជាធម្មតា ដោយបានលួចលាក់បើកល្បែងភ្នាល់បាល់តាមអនឡាញ នៅខាងក្នុង ដោយចាក់សោរទ្វាខាងមុខ បើកទ្វាខាងក្រោយ និងទទួលបានអតិថិជនជាច្រើនទៅអង្គុយចាំអ៊ុតលទ្ធិផលនៅពីចំហៀងហាង និងខាងមុខហាង។
ជាក់ស្ដែងហាងកាហ្វេមួយនេះមិនបំរើសេវាភេសជ្ជៈ ឬគ្រឿងទេសទៅហើយ តែបែជាមានមនុស្សទៅអង្គុយពីមុខ ឬពីចំហៀងនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃបាន ដោយមិនខ្លាចពីការឆ្លងជម្ងឺកូវីដ-១៩ទាល់តែសោះ ..? ដូច្នេះហើយ ពលរដ្ឋទទូចស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមន ជួយបើកការស្រាវជ្រាវ ឆ្មក់បង្ក្រាបទីតាំងខាងលើនេះផង ដើម្បីចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងដើម្បីភូមិ សង្កាត់ ខណ្ឌ គ្មានអំពើចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកអាជីវកម្មសេវាអ៉ីនធឺណិត វិស័យព័ត៌មានទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងតទៅ៕