គម្រោងធ្វើមណ្ឌលចត្តាឡីស័កផ្សារចម្ការតាដោក ត្រូវកែទៅជាមណ្ឌលព្យាបាល ចំណែកនៅកូបធំ ធ្វើជាមណ្ឌលចត្តាឡីស័កវិញ

ខេត្តបន្ទាយមានជ័យ ៖ គម្រោងធ្វើមណ្ឌលចត្តាឡីស័កផ្សារអ៊ឹង វណ្ណម៉ៅ-ចម្ការតាដោក នៅភូមិចម្ការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានរុះរើ កែសម្រួលទៅជាមណ្ឌលព្យាបាលសហគមន៍ សម្រាប់ពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ១៩ ក្នុងសហគមន៍វិញ។

នេះបើតាមក្រុមការងារសាងសង់នៃអនុគណៈកម្មការសាងសង់របស់គណកម្មការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ១៩ អោយដឹងថ្ងៃទី២៨ខែសីហាឆ្នាំ២០២១។

ប្រភពនោះបានបន្តថា ៖ កាលពីគម្រោងធ្វើមណ្ឌលចត្តាឡីស័ក កន្លែងនេះអាចដាក់ចំណុះអ្នកចត្តាឡីស័កបានពី២.០០០ ទៅ៣.០០០នាក់។ តែនៅពេលប្តូរមកធ្វើជាមណ្ឌលព្យាបាល អាចដាក់ចំណុះអ្នកជម្ងឺចំនួន២.០០០នាក់។

កាលពីថ្មីនេះ លោកអន ស៊ុ លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា លោកអ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណកម្មការប្រយុទ្ធនឹងកូវីដ១៩ ខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនសរដ្ឋបាលខេត្តនិងក្រុមការងារចម្រុះ រួមទាំងក្រុមការងារសាងសង់បានពិនិត្យដំណើរការកែសម្រួលការសាងសង់នោះ និងណែនាំកិច្ចការបន្ទាន់មួយចំនួន សំដៅអោយមណ្ឌលនេះឆាប់បានប្រើប្រាស់។

ដោយឡែក កាលពីថ្មីនេះដែរ លោកនាយឧត្តមខេង សុមេធ អគ្គស្នងការងនគរបាលជាតិនិងជាប្រធានអនុគណៈកម្មការសាងសង់របស់គណកម្មការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានអញ្ជើញ ត្រួតពិនិត្យការដ្ឋានសាងសង់មណ្ឌលចត្តាឡីស័កថ្មីមួយទៀតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មណ្ឌលនេះ ក៏ត្រូវបានសាងសង់យ៉ាងមមាញឹកផងដែរដើម្បីត្រៀមទទួលពលករខ្មែរមកធ្វើចត្តាឡីស័ក។

សូមរំលឹកថា ក្នុងខេត្តបន្ទាយមានជ័យ មានមណ្ឌលចត្តាឡីស័កចំនួន២២កន្លែងរួចហើយ។ ឯមណ្ឌលព្យាបាលមាន១៣កន្លែង មន្ទីរពេទ្យ៤កន្លែង។ ហើយមានគម្រោងបង្កើតមណ្ឌលទាំងប្រភេទមួយចំនួនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *