ខេត្តបន្ទាយមានជ័យ ៖ គិតរសៀលថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២១ ស្ថានភាពទឹកអូរព្រំដែនកម្ពុជា ថៃនៅភូមិសាស្ត្រឃុំបឹងបេងនិងឃុំម៉ាឡៃ ក៏ដូចជានៅស្ពានច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺ បានប្រែប្រួល ទៅជាហក់ឡើងវិញ។
លោកជា សេងអាន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិម៉ាឡៃអោយដឹងនៅថ្ងៃទី៣ខែកញ្ញា ថា៖ មកទល់ពេលនេះ ជំនន់ទឹកភ្លៀងដែលស្រកសណ្តកទៅក្រោមស្ពាននោះ បានហក់ឡើងយឺតៗមកទល់ធ្នឹមស្ពានវិញហើយ។ ហេតុនេះ សូមអ្នកពាក់ព័ន្ធពិនិត្យនិងត្រៀមលក្ខណៈតាមជាក់ស្តែងក្រែងមានការលិចលង់ជាថ្មី។
យោងមន្ត្រីនិងពលរដ្ឋបាអោយដឹងថា ៖ មកទល់ពេលនេះភ្លៀងបានបន្តធ្លាក់ឡើងវិញនៅក្នុងភូមិសាស្ត្រ(ទឹកដីកម្ពុជា)។ ប៉ុន្តែអាចថា វាមិនបង្កជាទឹកជំនន់ឡើយ។
ចំណែកលោកស្វាយ ជា អភិបាលស្រុកម៉ាឡៃអោយដឹងថ្ងៃរសៀលទី៥ថា៖ ស្ថានភាពជំនន់ទឹភបានស្រកនៅផ្នែកខាងលើ តែបានស្រុងចុះមកខាងក្រោម។
ប៉ុន្តែរបាយទឹកភ្លៀងថ្មីៗ ទោះតូចក៏ដោយនៅក្នុងភូមិសាស្ត្រនិងក្រៅភូមិសាស្ត្រ(ទឹកដីថៃ) វាបានបង្កអោយទឹកហក់ឡើងខ្លះវិញហើយ។
លោកបន្តថា ទោះយ៉ាងណា ទឹកដែលស្រុងចុះតាមអូរព្រំដែនពីឃុំបឹងបេងនិងឃុំម៉ាឡៃនៅប៉ែកខាងត្បូងនោះក៏មិនបង្កលិចលង់ធំដំដល់ភូមិសាស្ត្រឃំុអូរសំពរ អូរស្រឡៅនិងទួលពង្រ នៅប៉ែកខាងជើងដែរ៕