ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលបានត្រៀមរួចហើយដែរជួយប្រជាពលរដ្ឋ នៅភូមិបឹងជង្រុតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពីជំនន់ទឹកភ្លៀង។
លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារ កងកម្លាំងទាំង៣ប្រភេទបានចុះពិនិត្យមើលពីស្ថានភាពទឹកដែលផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅភូមិប្រមាណជា៦០០គ្រួសារ កាលពីយប់ថ្ងៃទី១០ -១១-១២ខែកញ្ញា ឆ្នាំ២០២១។ ពោលគឺពេលកម្លាំងទឹក នៃជំនន់ទឹកភ្លៀង និងទឹកជំនន់ ហូរធ្លាក់ពីតំបន់ខ្ពស់ខាងលើពីព្រៃរនាមដូននិងជួរកូនភ្នំម៉ាឡៃនោះ បានធ្វើឲ្យប្រជាពលរដ្ឋ ប្រមាណជា៣០០គ្រួសារ បានរងនូវផលប៉ះពាល់ស្រាល។
កម្លាំងនគរបាលស្រុកម៉ាឡៃ ក៏ដូចជាកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននឹងកំពុងបន្តត្រៀមនូវមធ្យោបាយទូក និងកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅកន្លែង ដើម្បីត្រៀមចុះអន្តរាមន៍ជួយប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ដោយទឹកជំនន់នេះ។
លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ៖ នៅក្នុងប្រតិបត្តិការនេះបានត្រៀមទូកចំនួន០២គ្រឿង កម្លាំងនគរបាលចំនួន២០នាក់និងកម្លាំងប្រជាការពារចំនួន៥០នាក់ ដើម្បីចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ។ កម្លាំងនគរបាលនិងកម្លាំងប្រជាការពារធ្វើរោងសម្រាប់ទទួលប្រជាពលរដ្ឋដែលផ្ទះត្រូវរងការលិចលង់មកស្នាក់នៅលើទួលសុវត្ថិភាព និងដើរពិនិត្យលូ ដែលស្ទះ ដើម្បីកាយឲ្យផ្លូវទឹកហូរ។ មកទល់ពេលនេះ ស្ថានភាពទឹកបានស្រកចុះបណ្តើរៗហើយ។
ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ក៏បានអោយដឹងដែរថា៖ក្នុងប្រតិបត្តិការនេះ លោក បានដឹកនាំកម្លាំងវរសេនាតូចចំនួន២៥នាក់និងទូកចំនួន០២គ្រឿងសម្រាប់ជួយប្រជាពលរដ្ឋនៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ផងដែរ។
ទាក់ទិនរដូវទឹកជំនន់នេះដែរ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់គ្រប់ថ្នាក់ដឹកនាំអធិការដ្ឋាននគរបាល ស្រុក ក្រុង ទាំង០៩និងលោកមេបញ្ជា ការវរសេនាតូចការពារព្រំដែនគោកទាំង០៤ ៖
១- ត្រូវត្រៀមកម្លាំងប្រចាំការនៅកន្លែង២៤ម៉ោងលើ២៤ម៉ោង ត្រៀមមធ្យោបាយ ដូចជាទូក អាវហែលទឹក និងសម្ភារៈផ្សេងៗទៀតនៅក្នុងដៃ និង ត្រូវក្តាប់ឲ្យបានអំពីស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន បើមានប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ លោក អធិការនិងលោកមេបញ្ជាការ ត្រូវបញ្ចេញកម្លាំងចុះជួយប្រជាពលរងដែលរងគ្រោះជាបន្ទាន់។
២- ត្រូវបង្កើនការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសតាមខ្សែបន្ទាត់ព្រំដែន និងបទល្មើសក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង។
៣- គ្រប់សកម្មភាពនៃប្រតិបត្តិការទាំងឡាយ មិនត្រូវឆ្វេសប្រហែសនោះឡើយ គឺ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនិងអនុវត្តវិធានការ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលជានិច្ច ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕