ភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌទូលគោក ដែលទើបចូលកាន់តំណែងថ្មី បានបញ្ចេញស្នាដៃភ្លាមៗ ដោយ បញ្ជាកម្លាំងឱ្យចុះបង្ក្រាប ទីតាំងកត់លក់ឆ្នោតវៀតណាមដុះស្លែដែលល្មើសច្បាប់នៅសង្កាត់ដេប៉ូ៣ ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ ឃើញការចុះបង្រ្កាបនេះ ពិតជាសាទរ ចំពោះការយកចិត្តទុកដាក់ របស់អាជ្ញាធរ ប៉ុន្តែប្រជាពលរដ្ឋ ចង់ជម្រាបជូនដល់លោកអភិបាលខណ្ឌទួលគោក ដែលទើបនឹងផ្លាស់មកថ្មី អោយដឹងថា ទីតាំងកត់ឆ្នោតវៀតណាមនៅជុំវិញផ្សារសាមគ្គីផ្លូវលេខ១១៨ និងនៅផ្លូវលេខ១១២ ជាច្រើនកន្លែង ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បើកកត់យ៉ាងអណាធិបតេយ្យចាំមើលលោកអភិបាលខណ្ឌទួលគោកថ្មីហ៊ានចុះបង្ក្រាបដែររឺទេ?។
ជាក់ស្តែង ល្បែងស៊ីសងកន្ទុយលេខ (ឆ្នោតវៀតណាម) ជាច្រើនកន្លែងនៅជុំវិញផ្សារសាមគ្គីជាច្រើនកន្លែង និងបើកជាចំហសម្រាប់អ្នកដែលចូលចិត្តចាក់កន្ទុយលេខ(ឆ្នោតវៀតណាម) ដោយមិនមានការបារម្ភថា សមត្ថកិច្ច ឬអាជ្ញាធរណាហ៊ានបង្ក្រាបនោះទេ ប្រជាពលរដ្ឋរងចាំមើលថាតើលោកជា ពិសី អភិបាលខណ្ឌទួលគោកដែលទើបនឹងឡើងកាន់តំណែងថ្មី នឹងបញ្ចេញកណ្តាប់ដៃដែកហ៊ានបង្ក្រាបកន្លែងកត់ឆ្នោតវៀតណាមជាច្រើនកន្លែងផ្លូវលេខ១១៨ និងផ្លូវលេខ១១២ផ្សារសាមគ្គីដុះស្លែដែររឺទេ?។
គួបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ជា ពិសី អភិបាលខណ្ឌទូលគោក ដែលទើបចូលកាន់តំណែង បញ្ជាកម្លាំងឱ្យចុះបង្ក្រាប ទីតាំងកត់លក់ឆ្នោតវៀតណាមដុះស្លែដែលល្មើសច្បាប់នៅសង្កាត់ដេប៉ូ៣ ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកកត់ឆ្នោតចំនួន ២នាក់ អ្នកចាក់ឆ្នោតចំនួន ៣នាក់ និងវត្ថុតាងជាឯកសារកត់ឆ្នោតវៀតណាមមួយចំនួនទៀត។ ជនល្មើស និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកទីតាំង ត្រូវបានកម្លាំងគណៈបញ្ជាការ ធ្វើកំណត់ហេតុ បិទជាបណ្ដោះអាសន្ន។
គួររំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។
បច្ចុប្បន្ននេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕