(បន្ទាយមានជ័យ) នៅរសៀលថ្ងៃចន្ទទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យចំនួន១១នាក់និងវត្ថុតាងទៅតុលាការហើយពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣:២០នាទីនៅចំណុចផ្សាររាត្រីទឹកពុះស្ថិតក្នុងភូមិក្បាលស្ពានមួយសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ករណីនេះបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាប្រហែល៣០នាក់ជិះរថយន្តចំនួនបីគ្រឿងទៅអង្គុយផឹកស៊ីនៅហាងABCក្នុងផ្សាររាត្រីទឹកពុះដែលមាន ជនជាតិខ្មែរនិងជនជាតិថៃចំនួន៥នាក់ផងដែរ ។ក្នុងពេលពួកគេកំពុងផឹកស៊ីនោះក្រុមជនរងគ្រោះក៏ទៅដល់កន្លែងផឹកស៊ីដែរ មួយសន្ទុះក្រោយមកក្រុមជនសង្ស័យបានធ្វើសកម្មភាព ប្រើអំពើហិង្សាដោយយកដបស្រានិងកែវគប់លើជនរងគ្រោះ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍តែជនសង្ស័យមិនស្តាប់តាមហើយបន្តគប់ដបស្រានិងកែវព្រមទាំងដេញវាយទៅលើក្រុមជនរងគ្រោះនិងកម្លាំងអាវុធហត្ថថែមទៀត។បន្ទាប់មកក្រុមជនសង្ស័យបានប្រើកាំភ្លើងខ្លី ពុំស្គាល់ម៉ាកបាញ់មកលើកម្លាំងអាវុធហត្ថម្នាក់រងរបួសធ្ងន់ក្រៅពីនេះកម្លាំងអាវុធហត្ថពីរនាក់ទៀតរងរបួសស្រាល ដោយត្រូវនិងកែវស្រាដែលពួកជនសង្ស័យគប់មកលើ ជនសង្ស័យនៅបន្តវាយលើសមត្ថកិច្ចក្រោយមកទើបកម្លាំងបានសម្រេចចិត្តបាញ់កាំភ្លើងតបតវិញដើម្បីការពារខ្លួនទើបបណ្ដាលឲ្យជនសង្ស័យរងរបួសម្នាក់ចំជើង។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថាដោយឃើញសភាពការណ៍ដូច្នេះលោកបានរាយការណ៍ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងបានសុំគោលការណ៍ពីឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត ហើយបានដឹកនាំកម្លាំងចុះបង្ក្រាបករណីខាងលើនេះឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់បានចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមានរថយន្តឡិចស៊ីស NX200T ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជាCND 7677 ចំនួនមួយគ្រឿងនិង រថយន្តម៉ាកឡង់គ្រីស្ស័រពណ៌ស ពាក់ស្លាកលេខកម្ពុជាCNE 7677 ចំនួនមួយគ្រឿង ដែកប្រវែង១១០សង់ទីម៉ែត្រចំនួនមួយដើម កាំបិតប៉័ងតោដងឈើចំនួន២ដើម កាំបិតចុងស្រួចចំនួន១ដើម ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងប៉ោយប៉ែតដើម្បីសាកសួរ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យទាំង១១នាក់ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួច បានឆ្លើយសារភាពថាពួកគេមានគ្នាចំនួនជាងម្ភៃនាក់បាននាំគ្នាជិះរថយន្តពីរគ្រឿងដែលមានភិនភាគខាងលើព្រមទាំងម៉ូតូចំនួនពីរគ្រឿងទៀតពិតជាបាននាំគ្នាទៅផឹកស៊ីក្នុងហាង ពិតប្រាកដមែនហើយបានបង្កជម្លោះទៅលើក្រុមម្ខាងទៀត ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថបានចុះមកអន្តរាគមន៍ ពួកគេបានធ្វើការតដៃជាមួយសមត្ថកិច្ចទៀត ប៉ុន្តែពួកគេមិនបានដឹងថាក្រុមរបស់អ្នកណាមានកាំភ្លើងបាញ់ទៅលើសមត្ថកិច្ចនោះទេ ចំណែកបក្ខពួកជនរងគ្រោះ៩នាក់ទៀតដែលរត់គេចខ្លួនកម្លាំងកំពុងស្រាវជាវឃាត់ខ្លួនបន្ត៕