ស្ទឹងត្រែង:កាលពីវេលាម៉ោង៧យប់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។ សមត្ថកិច្ចខេត្តស្ទឹងត្រែងបង្ក្រាបគ្រឿងញៀនបានចំនួន១៧០បញ្ចប់និងទូកមួយគ្រឿងដែលឧក្រិដ្ឋជនដឹកជញ្ជូនពីស្រុកខូងខេត្តចំប៉ាសាក់ប្រទេសឡាវមកចំណុចកោះល្ងឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។
លោក អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកាថាដោយមានកំណត់មុខសញ្ញា គួរឲ្យសង្ស័យក្នុងគោលដៅសមត្ថកិច្ចការពារល្បាតប្រចាំតំបន់ព្រំដែនផ្លូវទឹកកម្ពុជាឡាវ។ពេលនោះសមត្ថកិច្ចក៏បានចុះទៅពិនិត្យទូកមួយគ្រឿងដែលបានសង្ស័យ។ ពេលចុះពិនិត្យបានឃើញវត្ថុតាងគ្រឿងញៀនចំនួន១០បាវស្មើ១៧០កញ្ចប់និងទូកមួយគ្រឿង។ រីឯឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបានរត់ទៅពេលឃើញសមត្ថកិច្ចចុះទៅដល់។
លោកស្នងការនគរបាលខេត្តស្ទឹងត្រែងបាន បញ្ចាក់បន្ថែមទៀតថាក្រោយពីដកហូតគ្រឿងញៀននៅលើទូកទាំងអស់មកកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់ដើម្បីធ្វើការពិនិត្យនិងបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននេះបន្តទៀតផងដែរ៕