អាជ្ញាធរខេត្ដសៀមរាប បានព្រមានចាត់វិធានការចំពោះយានជំនិះគ្រប់ប្រភេទ ដែលឈប់ ឬចត និងការដាក់តាំងសម្ភារៈផ្សេងៗ ការលក់ដូរ នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

សៀមរាប៖ អាជ្ញាធរខេត្ដសៀមរាប បានព្រមានចាត់វិធានការចំពោះយានជំនិះគ្រប់ប្រភេទ ដែលឈប់ ឬចត និងការដាក់តាំងសម្ភារៈផ្សេងៗ ការលក់ដូរ នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប  ដើម្បីប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនោះ ស្របតាមលក្ខណៈបច្ចេកទេស ធានាបាននូវគុណភាព សុវត្ថិភាព សោភណភាពល្អ។

រដ្ឋបាលខេត្តសៀមរាប បានប្រាប់ឱ្យសាធារណៈជន ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប បាននឹងកំពុងសាងសង់តាមផែនការដែលបានគ្រោងទុក ដើម្បីប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនោះ ស្របតាមលក្ខណៈបច្ចេកទេស ធានាបាននូវគុណភាព សុវត្ថិភាព សោភណភាព ព្រមទាំងការពារបាន នូវបរិស្ថានរស់នៅល្អ បម្រើឱ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និង ការដឹកជញ្ជូននានា ។

រដ្ឋបាលខេត្ដបានបន្ដថា បច្ចុប្បន្នដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ ខ្សែ ក្នុងក្រុងសៀមរាប កំពុងដំណើរការ រៀបចំខឿនចិញ្ចើមផ្លូវ កម្រាលក្រានីតសម្រាប់ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការរៀបចំទ្រូងផ្លូវ រដ្ឋបាលខេត្ត ពិនិត្យឃើញមានការចតយានជំនិះគ្រប់ប្រភេទ ការដាក់តាំងសម្ភារៈផ្សេងៗ និងការលក់ដូរនៅលើ ទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលកំពុង សាងសង់។

ជាមួយគ្នានោះ រដ្ឋបាលខេត្ត ស្នើឱ្យម្ចាស់លំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវបញ្ឈប់ការចតលើកម្រាលក្រានីត ការដាក់តាំងសម្ភារៈផ្សេងៗ និងការលក់ដូរនៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។ ក្នុងករណីដេលអ្នកពាក់ព័ន្ធទាំងនោះ នៅតែបន្តចតយានជំនិះគ្រប់ប្រភេទ ការដាក់តាំងសម្ភារៈផ្សេងៗលើ កម្រាលក្រានីត ផ្លូវដើរ ផ្លូវជិះកង់ និងការលក់ដូរនៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែលបង្កការខូច ខាតដល់ហេដ្ឋារចនាសម្ព័ន្ធកំពុងសាងសង់ត្រូវទទួលខុសត្រូវសងការខូចខាត អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ។

ក្រសួងសាធារណៈការនឹងដឹកជញ្ជូនក៏បានស្នើឱ្យអាជ្ញាធរខេត្ដសៀមរាប ផ្សព្វផ្សាយ និង ណែនាំបងប្អូនប្រជាពលរដ្ឋ អំពីការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈនៅតាមដងផ្លូវទាំងនោះ ដោយហេតុ ថា៖ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានយករថយន្តរបស់ខ្លួនទៅចតលើចិញ្ចើមផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ខឿនចិញ្ចើមផ្លូវ និងបែកកម្រាលក្រានីតនៅតាមទីតាំងមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *