កំពត: ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរមួយកើតឡើងនៅផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ។ រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿន រួចជ្រុលទៅបុកម៉ូតូពីរគ្រឿងបណ្តាលឲ្យនារីពីរនាក់បាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសធ្ងន់។
មុនគ្រោះថ្នាក់កើតឡើង គេឃើញម៉ូតូពីរគ្រឿងបើកមកពីទិសខាងលិចគឺមួយគ្រឿងបើកបរដោយបុរសម្នាក់ ឯមួយគ្រឿងទៀតធ្វើដំណើរដោយនារីពីរនាក់ ស្របពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហ្វ័រធូន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-2988 បើកមកពីមុខដោយល្បឿនយ៉ាងលឿនរួចបុកម៉ូតូទាំងពីរគ្រឿងធ្វើអោយមានការភ្ញាក់ផ្អើល ។ រួចក៏មានអ្នកនៅជិតកន្លែងកើតហេតុចូលទៅជួយស្រាប់តែឃើញស្ត្រីទាំងពីរនាក់បានស្លាប់ទៅហើយ។ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពតជាបន្ទាន់។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា អ្នកបើកបររថយន្តបង្កជាជនជាតិចិនឈ្មោះ Liu wie ភេទប្រុស អាយុ ៣១ឆ្នាំ។ ចំណែកអ្នកបាត់បង់ជីវិតទាំងពីរនាក់ជាកម្មការិនីមានទីលំនៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ដោយឡែកបុរសដែលរងរបួសរស់នៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត៕