ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ២១B ប្រវែងប្រមាណ ៣ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដី ខេត្តកណ្តាល នឹងចាប់ផ្ដើមជួសជុល ស្តារធ្វើឱ្យប្រសើរឡើងវិញ ក្នុងពេលឆាប់ៗនេះ។
កំណាត់ផ្លូវ ៣ គីឡូម៉ែត្រនេះ ជាផ្នែកមួយនៃផ្លូវជាតិលេខ២១B ដែលមានប្រវែងសរុប ១២,៣៣ គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិត នៅផ្លូវបំបែកផ្លូវជាតិលេខ១ ដោយឆ្លងកាត់ស្ពានព្រែកសំរោង។
ថ្លែងក្នុងដំណើរចុះពិនិត្យផ្លូវនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួម ពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យ មើលកំណាត់ផ្លូវជាតិ បានណែនាំឱ្យក្រុមការងារបច្ចេកទេស ក្រោមឱវាទអនុវត្តការងារជួសជុលផ្លូវនេះ ឱ្យបានរួចរាល់លឿនបំផុត និងមានគុណភាពរឹងមាំ កុំឱ្យគេថា ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ធ្វើយ៉ាងណា បញ្ជៀសការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលសាងសង់ មិនបង្កការរំខាន ដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ ជាពិសេស ត្រូវអនុវត្តការសាងសង់ នៅចន្លោះម៉ោងណា ដែលមានចរាចរណ៍តិច ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងយកចិត្តទុកដាក់ពន្លឿន ការងារសាងសង់ ឱ្យបានឆាប់រហ័សផងដែរ៕