សមត្ថកិច្ច​ឃាត់ខ្លួន​ក្មេង​ទំនើង​ពីរ​ក្រុម​ផ្សេងគ្នាសរុប​ចំនួន​៩​នាក់ ពាក់ព័ន្ធ​ករណី​ដើរ​កាប់​យក​ស្លាក​លេខ​ម៉ូតូ​ពលរដ្ឋ​តាមផ្លូវ​សាធារណៈ​

 ភ្នំពេញ​: សមត្ថកិច្ច​ឃាត់ខ្លួន​ក្មេង​ទំនើង​ពីរ​ក្រុម​ផ្សេងគ្នាសរុប​ចំនួន​៩​នាក់ ពាក់ព័ន្ធ​ករណី​ដើរ​កាប់​យក​ស្លាក​លេខ​ម៉ូតូ​ពលរដ្ឋ​តាមផ្លូវ​សាធារណៈ​ បានធ្វើ​ឡើង​កាលពី​រសៀល ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ក្មេង​ទំនើង​ទាំង​២​ក្រុម​នោះ គឺ​ក្រុមទី​១ មានឈ្មោះ​ឈឹម ប៊ុនឡុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​សង្កាត់​ចោមចៅ​២ , ឈ្មោះ ស៊ា​ង វិសុទ្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​សង្កាត់​ចោមចៅ​ទី​៣ , ឈ្មោះ អន លីហ្សា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​សង្កាត់​ចោមចៅ​ទី​៣ , ឈ្មោះ ហ៊ាង រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​សង្កាត់​ចោមចៅ​ទី​៣ , ឈ្មោះ គា គឹម​ហួរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​សង្កាត់​ចោមចៅ​ទី​៣​។ ដោយឡែក​យុវជន​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួរ​ដែរនោះ ឈ្មោះ ចេង យ៉ា អាយុ​១៥​ឆ្នាំ នៅ​សង្កាត់​ចោមចៅ​ទី​៣ ពុំបាន​ប្រព្រឹត្ត​បទល្មើស​ជាមួយ​ក្រុម​ទាំងនេះ​ទេ តែ​ពេលដែល​សមត្ថកិច្ច​ចុះទៅ​ធ្វើ​ប្រតិបត្តិ​ការឃាត់​គឺ​រួម​មកជា​មួយ ទើប​នាំយកទៅ​សាកសួរ​សិន​។

ក្រុមទី​២ ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​សង្កាត់​ចោមចៅ​ទី​៣ , ឈ្មោះ ទូច បូរ៉ាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​សង្កាត់​ចោមចៅ​ទី​៣ , ឈ្មោះ ផ្លុ​ង បូរ៉ា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ នៅ​សង្កាត់​ចោមចៅ​ទី​៣​។​
​ក្រុម​ក្មេង​ទំនើង​ទាំងអស់​សុទ្ធតែជា​សិស្ស​វិទ្យាល័យ​ជម្ពូ​វ័ន​។​

​តាម​សមត្ថកិច្ច​បានឱ្យដឹងថា ក្មេង​ទំនើង​ទាំង​០៨​នាក់​នេះ តែងតែ​ដើរ​ធ្វើ​សកម្មភាព​កាប់​យក​ស្លាក​លេខ​ម៉ូតូ តាម​ទីសាធារណៈ ហើយ​កាលពី​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រុមទី​២ ចេញ​ធ្វើ​សកម្មភាព​ដើរ​កាប់​យក​ស្លាក​លេខ​ប៉ះចំ​ម៉ូតូ​បក្ខពួក​បងប្អូនរ​បស់​ក្រុមទី​១ ធ្វើ​ឲ្យ​ក្រុមទី​១​បើក​ប្រតិបត្តិការ​សងសឹក ប្រដាប់​ដោយ​កាំបិត​តាម​កាប់​យក​ស្លាក​លេខ​ម៉ូតូ របស់​ក្រុមទី​២​វិញ បង្ក​ឲ្យ​ផ្អើល​កក្រើក​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ដោយ​ក្រុម​ទាំងនេះ បានបង្កភាព​អសន្តិសុខ​ក្នុង​មូលដ្ឋាន ធ្វើឱ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច ទើប​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្រាវជ្រាវ ពិនិត្យ​លើ​កាមេរ៉ា​សុ​វត្តិភាព ស្គាល់​ភិនភាគ មុខសញ្ញា ឈានដល់​តាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ រួច​នាំខ្លួន​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី​៕​

Leave a Reply

Your email address will not be published. Required fields are marked *