ប៉េកាំង៖ កាលពីថ្ងៃចន្ទ ទី២៩ ខែវិច្ឆកា ឆ្នាំ២០២១ ប្រធានាធិបតីចិន បានសន្យាផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន១ពាន់លានដូសដល់អាហ្វ្រិក សំរាប់បង្កើតភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ១៩។
នៅសុន្ទរកថាមួយតាមបណ្តាញវីដេអូបន្តផ្ទាល់ទៅកាន់ជំនួបកំពូលចិន-អាហ្វ្រិកនៅជិតរដ្ឋធានីដាក្ការបស់សេណេហ្កាល់ លោកប្រធានាធិបតី ស៊ី ជិនភីង បានមានប្រសាសន៍ថា ចិននឹងជួយវ៉ាក់សាំង៦០០លានដូសដោយផ្ទាល់ ហើយ៤០០លានដូសទៀតនឹងជួយតាមរយៈប្រភពផ្សេងៗ ដូចជាការវិនិយោគនៅទីតាំងផលិតក្នុងមូលដ្ឋានដែលកំពុងខ្វះខាតនៅទូទាំងអាហ្វ្រិក។
សូមបញ្ជាក់ថា ចិនវិនិយោគច្រើនក្រាស់ក្រែលនៅអាហ្វ្រិក និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទ្វីបនេះ ដោយពាណិជ្ជកម្មផ្ទាល់មានតំលៃ២០០ពាន់លានដុល្លារនៅឆ្នាំ២០១៩។ចិនក៏បានជួយវ៉ាក់សាំងផលិតក្នុងស្រុករបស់ក្រុមហ៊ុន Sinopharm ដល់បណ្តាប្រទេសក្រីក្រនៅអាហ្វ្រិកចាប់តាំងពីការចាប់ផ្តើមជំងឺឆ្លងនេះមក។
ក្នុងជំនួបកំពូលលោក ស៊ី ជិនភីង បានមានប្រកាសថា « យើងត្រូវបន្តរួមគ្នាប្រយុទ្ធនឹងកូវីដ១៩ យើងត្រូវអោយអាទិភាពលើការការពារប្រជាជនរបស់យើង ចិននឹងបញ្ជូនបុគ្គលិកវេជ្ជសាស្ត្រប្រមាណ១.៥០០នាក់ទៅកាន់អាហ្វ្រិក»។ អត្រាចាក់វ៉ាក់សាំងនៅអាហ្វ្រិកទាបបើធៀបនឹងផ្នែកផ្សេងទៀតនៃពិភពលោក ដោយរដ្ឋជាច្រើនរង់ចាំតែជំនួយបរទេស ដោយសារខ្វះទីតាំងផលិតក្នុងស្រុក និងថ្លៃទិញវ៉ាក់សាំងច្រើនៗនៅមានកំរិត។
កាលពីខែមុនប្រធានាធិបតីអាម៉េរិកក៏បានប្រកាសជួយវ៉ាក់សាំង១៧លានដូសដល់អង្គការសហភាពអាហ្វ្រិកផងដែរតែនៅតិចធៀបនឹងជំនួយចិន៕