ខេត្តព្រះសីហនុ ពេលនេះបានចាប់ផ្តើមដំណើរការសាងសង់ជាបណ្តើរៗឡើងវិញបន្ទាប់ពីពេលដែលប្រទេសកម្ពុជាបើកប្រទេសឡើងវិញរួចមក

ព្រះសីហនុ : បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានធ្វើឱ្យដំណើរការសាងសង់អគារមួយចំនួននៅខេត្តព្រះសីហនុត្រូវបានផ្អាកសកម្មភាពនោះ ពេលនេះបានចាប់ផ្តើមដំណើរការសាងសង់ជាបណ្តើរៗឡើងវិញបន្ទាប់ពីពេលដែលប្រទេសកម្ពុជាបើកប្រទេសឡើងវិញរួចមក។

លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៩ វិច្ឆិកាឆ្នាំ ២០២១បានឱ្យដឹងថា ការផ្អាកសកម្មភាពនៃការដ្ឋានសំណង់អគារមួយចំនួននៅក្រុងព្រះសីហនុដោយសារការផ្ទុះជំងឺកូវីដ១៩ ប៉ុន្តែយ៉ាងណាពេលនេះមានអ្នកវិនិយោគចូលមកបណ្តើរៗវិញហើយ ។ លោកថា មានការដ្ឋានសំណង់ខ្លះចាប់ផ្តើមបើកដំណើរការ ហើយអ្នកវិនិយោគខ្លះទៀតក៏ចាប់ផ្តើមវិនិយោគទុននិងចាប់ផ្តើមសុំច្បាប់សាងសង់អគារខ្លះផង។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ក្រុងព្រះសីហនុត្រូវបានបិទ ហើយពិសេសក្នុងព្រឹត្តិការណ៍បិទជាតំបន់ក្រហមនា កន្លងមកបានធ្វើឱ្យការដ្ឋានសាងសង់មួយចំនូនត្រូវបានផ្អាកសកម្មភាពបណ្តោះអាសន្នសិន។ការផ្អាកនេះផ្តើមចេញដោយ សារម្ចាស់សំណង់មួយចំនួននៅក្រៅប្រទេស ហើយមិនអាចវិលចូលមកកម្ពុជាបានដោយសារតែការផ្ទុះជំងឺកូវីដ១៩នៅទូទាំងពិភពលោកនោះ  ដូច្នេះហើយទើបធ្វើឱ្យពួកគេផ្អាកជាបណ្តោះអាសន្ននៃសំណង់របស់ខ្លួន។

គួរបញ្ជាក់ថាជនជាតិចិនបានវិនិយោគលើវិស័យជាច្រើន នៅខេត្តព្រះសីហនុ ក្នុងនេះមានដូចជា អចលនទ្រព្យ កាស៊ីណូ និងវិស័យទេសចរណ៍ជាដើម។ជាមួយសន្ទុះវិនិយោគនេះដែរគេឃើញ ការដ្ឋានសំណង់អគារជាច្រើនបានផុសឡើងបន្តបន្ទាប់ ប៉ុន្តែដោយសារផ្តើមចេញការផ្ទុះជំងឺកូវីដ១៩បានធ្វើឱ្យជនជាតិចិនបានចាកចេញពីកម្ពុជាជាច្រើននាក់ ព្រមជាមួយគ្នាវិស័យសំណង់នៅខេត្តព្រះសីហនុមួយចំនួនក៏បានផ្អាកសកម្មភាពផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *