អាមេរិក៖ ប្រធានក្រុមហ៊ុនផលិតឱសថយក្សរបស់សហរដ្ឋអាមេរិក Pfizer និយាយថា ក្រុមហ៊ុនអាចមានវ៉ាក់សាំងថ្មីសម្រាប់បង្ការវីរុសកូរ៉ូណាបម្លែងខ្លួនថ្មី Omicron ក្នុងរយៈពេលតិចជាង ១០០ថ្ងៃ។
លោក Albert Bourla នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយបណ្ដាញទូរទស្សន៍អាមេរិកកាលពីថ្ងៃចន្ទថា ប្រសិនបើវ៉ាក់សាំងបង្ការវីរុសបច្ចុប្បន្នការពារបានតិចជាងនោះ Pfizer ត្រូវការបង្កើតវ៉ាក់សាំងថ្មីមួយទៀត។ លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្ដើមការងារសម្រាប់ការផលិតវ៉ាក់សាំងនេះរួចហើយ។ នាយកប្រតិបត្តិក៏បាននិយាយផងដែរថា ក្រុមហ៊ុន Pfizer បានផលិតវ៉ាក់សាំងរួចហើយសម្រាប់ទប់ទល់នឹងវីរុសបម្លែងខ្លួនថ្មីប្រភេទ Beta និង Delta ប៉ុន្តែវ៉ាក់សាំងទាំងនោះមិនត្រូវបានគេប្រើប្រាស់ទេ ព្រោះវ៉ាក់សាំងដើមនៅតែមានប្រសិទ្ធភាពនៅឡើយ។
លោកបានបន្តថា វ៉ាក់សាំងប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Omicron នឹងត្រូវបានប្រើលុះត្រាតែក្រុមហ៊ុនមើលឃើញថា វ៉ាក់សាំងបច្ចុប្បន្នលែងមានប្រសិទ្ធភាព។ លោក Bourla ក៏បាននិយាយអំពីថ្នាំគ្រាប់សម្រាប់លេបផងដែរដែល Pfizer កំពុងផលិតដើម្បីព្យាបាលវីរុស COVID-19។ លោកបាននិយាយថា លោកមានការជឿជាក់ខ្ពស់ថា វានឹងមានប្រសិទ្ធភាពក្នុងការព្យាបាលវីរុសបម្លែងខ្លួនថ្មី Omicron។ អគ្គនាយកក្រុមហ៊ុន Pfizer ជឿជាក់ថា ការព្យាបាលវីរុស Covid-19 ដោយថ្នាំគ្រាប់នឹងមានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនថ្មី Omicron នេះ៕