ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តុលាការ សម្រេចឃុំខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជិត ២៥ គីឡូក្រាម នៅរាជធានីភ្នំពេញ ដើម្បីរង់ចាំការស៊ើបអង្កេត ជាបន្តទៀត។
ជនសង្ស័យ ៣ នាក់នេះ រួមមានៈ ១-ឈ្មោះ តាំង លាក ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ, ២- ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ១៩៥៣ ជនជាតិ សិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K0447332B, និង៣-ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម។
ការចុះបង្ក្រាបករណីនេះ ធ្វើឡើងកាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ យប់ កម្លាំងជំនាញនៃ មន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តម សេនីយ៍ ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរ សេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) និងមានការចូលរួមពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្រប សម្រួល ពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប នៅ ២ គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ។
គោលដៅទី១៖ នៅចំណុច ផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក (ផ្លាស្សា) ស្ថិតក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំការមន និងគោលដៅទី២៖ ផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យ ៣ នាក់៖ ១-ឈ្មោះ តាំង លាក ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ, ២- ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ១៩៥៣ ជនជាតិ សិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K0447332B, ៣- ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម។ ចាប់យកវត្ថុតាង អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ២៤គីឡូ ០៤២ក្រាម កេតាមីន (KETAMIN) ទម្ងន់សុទ្ធ១១៨.៣៩ក្រាម, កាទីណូន (4CEC) ទម្ងន់សុទ្ធ ១៧០.៥១ ក្រាម។ សរុបសារធាតុញៀន ទម្ងន់សុទ្ធ ២៤ គ.ក្រ ៣៣០,៩០ ក្រាម សារធាតុផ្សំ ១គីឡូក្រាម ០១០.១១ក្រាម ជញ្ជីងថ្លឹង៥គ្រឿង និងឧបករណ៍កែច្នៃ មួយចំនួនធំ៕