បាត់ដំបង: រដ្ឋបាលស្រុកថ្មគោល ដែលមានលោក ជា សម្បត្តិ ជាអភិបាល បានប្រកាសជាសាធារណៈដល់បងប្អូនទូទៅនៅក្នុង និងក្រៅមូលដ្ឋានស្រុកថ្មគោលទាំងអស់ ប្រយ័ត្នចាញ់បោកបុគ្គលខិលខូចដែលកំពុងដើរតួធ្វើជាម្ចាស់កម្មសិទ្ធដីមួយកន្លែងយកទៅលក់ដូរ ដែលវាជាដីចំណីខ្នងអាងភាស ស្ថិតនៅក្នុងភូមិទួលទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក ជា សម្បត្តិ បញ្ជាក់បន្តថា÷ បុគ្គលឈ្មោះ វុន ជុំ ភេទប្រុស អាយុ ៥២ឆ្នាំ មានអាស័យដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ជាបន្ទាន់ ពុំនោះទេរដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវតុលាការជាក់ជាមិនខាន។ បុគ្គលខាងលើកន្លងមកបានយកដីសាធារណៈរបស់រដ្ឋ (ដីចំណីអាងភាស) ទៅពុះជាដីឡូត៍លក់ទៅឲ្យប្រជាពលរដ្ឋមួយចំនួនក្នុង ១ឡូត៍តម្លៃ ៣.០០០ដុល្លាអាមេរិក។
តាមរយៈការជូនដំណឹងពីសកម្មភាពល្មើសច្បាប់នេះ បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវបានអនុវញ្ញាតិឲ្យមានការទិញ លក់ទីតាំងខាងលើជាដាច់ខាត ការទិញលក់ដីឡូត៍លើទីតាំងនេះជាអំពើខុសច្បាប់ ទីតាំងដដែលនេះក៏មិនអនុញ្ញាតិឱ្យមានការសាងសង់សំណង់ផ្សេងៗគ្រប់ប្រភេទ រីឯសំណង់ដែលបានសាងសង់រួច ត្រូវរុះរើចេញឱ្យអស់យ៉ាងយូត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ជាកំហិត៕