បាត់ដំបង៖ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោយទទួលបានពាក្យបណ្តឹង ពីប្រជាពលរដ្ឋ សមត្ថកិច្ចផ្នែកជំនាញបានស្រាវជ្រាវ និងកំណត់មុខសញ្ញា ហើយឃាត់ខ្លួនជនសង្ស័យ បានចំនួន ៤ នាក់ និងបាននាំខ្លួន មកសាកសួរបន្ថែម។
ក្រុមជនសង្ស័យ ទាំង៤នាក់មានដូចជាៈ ឈ្មោះ វ៉ែង សុវណ្ណ ភេទប្រុស អាយុ ២៦ឆ្នាំ មានលំនៅ នៅភូមិស្វាយជ្រំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ, ឈ្មោះ ដួង ចិន្តា ភេទស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិកាប់គោថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង, ឈ្មោះ ហ៊ុន បូរី ភេទប្រុស អាយុ ២៦ឆ្នាំ មានលំនៅ នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងម្នាក់ទៀត ឈ្មោះ ហូវ សុជាតិ ភេទស្រី អាយុ ២៦ឆ្នាំ មានលំនៅ នៅស្រុកឯកភ្នំ ។ ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរ មានឈ្មោះ សំ វិតុល ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពខាងលើ បានបន្តថា៖ នៅមុនពេលកើតហេតុ ស្ត្រីឈ្មោះ ដួង ចិន្តា បានឲ្យជន ដៃដល់ ទៅកាប់ជនរងគ្រោះ ជាអតីតសង្សារ ដើម្បីជាការព្រមាន។ លុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមជនដៃដល់ បាននាំគ្នា ទៅកាប់ជនរងគ្រោះ ក្បែរផ្ទះជួល ស្ថិតក្នុងក្រុមទី១៧ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង បណ្តាលឲ្យជន រងគ្រោះ របួសធ្ងន់ធ្ងរ ប៉ុន្តែករណីឃាតកម្ម គិតទុកជាមុននេះ មិនបានកាប់លើមុខ សញ្ញា ដែលប៉ុនប៉ងឡើយ គឺកាប់ខុសមនុស្ស ប៉ះចំលើមិត្តភក្តិម្នាក់ទៀត។
សូមបញ្ចាក់ថា កម្លាំងអន្តរាគមន៍ក្រុងបាត់ដំបង បានកសាងសំណុំរឿង និងបញ្ជូនខ្លួន ក្រុមជនសង្ស័យ ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់ ៕