រដ្ឋមន្រ្តីជប៉ុនបានប្រកាសផ្តល់វ៉ាក់សាំងបន្ថែមចំនួន ៣០​ម៉ឺនដូសដល់​​កម្ពុជានិងការឥណទានសម្បទាន ដែលមានទឹក ប្រាក់ ២០០​ ពាន់លានយ៉េន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារ ជាមួយលោក ហ្វូមិអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុនតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០១ខែធ្នូឆ្នាំ២០២១ ។

នៅក្នុងជំនួបនោះនាយករដ្ឋមន្រ្តីជប៉ុនបានប្រកាសផ្តល់វ៉ាក់សាំងបន្ថែមចំនួន ៣០​ម៉ឺនដូសដល់​​កម្ពុជាតាម រយៈយន្តការកូវ៉ាក់និងការឥណទានសម្បទាន (ដំណាក់កាលទី ២) សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានទឹក ប្រាក់ ២០០​ ពាន់លានយ៉េនជប៉ុនដល់កម្ពុជាដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ចនិងវិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

 លោកនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងការអរគុណចំពោះសម្ដេចតេជោ ដែលបានផ្ញើសារអបអរសាទរជូនឯកឧត្តម ក្នុងឱកាសទទួលតំណែងជានាយករដ្ឋមន្ត្រី។ សម្ដេចក៏បានអរគុណផងដែរ ដែលឯកឧត្តមនាយករដ្ឋមន្ត្រីបានចងចាំនូវទស្សនកិច្ចរបស់ឯកឧត្តមក្នុងឆ្នាំ២០១៤ដែលបានមកចូលរួម ក្នុងការសម្ពោធផ្សារ អ៊ីអន១ ហើយ អ៊ីអន ២ ក៏បានដំណើរការហើយដែរ នឹង អ៊ីអន៣ កំពុងដំណើរការសាងសង់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណរដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ត្រីក្នុងកិច្ចសហប្រតិបត្តិការនានាដែលធ្វើទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនក៏ដូចជាទំនាក់ទំនងលើបញ្ហាតំបន់និងអន្តរជាតិមានភាពល្អប្រសើរដោយសម្ដេចបានអរគុណជាថ្មីចំពោះវ៉ាក់សាំងដែលជប៉ុនបានផ្ដល់មកកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដជាពិសេសនោះគឺ​បានបន្ថែមវ៉ាក់សាំងចំនួន ៣០ម៉ឺនដូស​និងឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជាដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ចនិងវិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។ លើវ៉ាក់សាំងចំនួន១លានដុសនាពេលកន្លងមករួមជាមួយនឹងសម្ភារៈបរិក្ខារពេទ្យនឹងរថយន្តសង្គ្រោះបន្ទាន់មកកាន់កម្ពុជាទាន់ពេលវេលាក្នុងពេលដែល កម្ពុជាទទួលរងការរាតត្បាតយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩នេះ ហើយដោយសារឆ្នាំក្រោយនេះ ជាខួបទី៣០ នៃការបញ្ជូនកងទ័ពស្វ័យការពាររក្សាសន្តិភាពរបស់ជប៉ុន មកកម្ពុជា ដែលជាប្រវត្តិសាស្រ្តមួយក្នុងការចេញដំណើររបស់កងទ័ពជប៉ុនមកក្រៅប្រទេស ហើយសម្ដេច មានប្រសាសន៍ថា យើងត្រូវតែធ្វើពិធីអ្វីមួយ ដើម្បីរំឭកទិវាប្រវត្តិសាស្ត្រនេះ។

សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមលើគោលការណ៍ និងគោលចំហរដែលយើងមានស្រដៀងគ្នា ជាពិសេសយើងបានឯកភាពគ្នាទៅលើការជួយយ៉ាង​​ ម៉េច ដើម្បីឲ្យសភាពការណ៍នៅមីយ៉ាន់ម៉ាមានស្ថានភាពល្អប្រសើរ ហើយជួយមីយ៉ាន់ម៉ា ឱ្យបានចូលរួមក្នុងព្រឹត្តិការណ៍នានារបស់អាស៊ាន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីជប៉ុនដែលកម្មវិធីហ្វឹកហ្វឺន និងអាហារូបករណ៍ដល់និស្សិតរបស់យើងជំរុញអ្នកវិនិយោគឲ្យមកកម្ពុជា ថែមទៀត ហើយជំរុញឲ្យមានការបញ្ជាទិញឲ្យបានច្រើនដោយសារឆ្នាំ២០២១ នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជប៉ុន មានការធ្លាក់ចុះជាងឆ្នាំកន្លងទៅ ។ ទាក់ទងនិងវិស័យ ការពារជាតិ យើងបន្តសហការជាមួយគ្នាជាពិសេសសូមជួយហ្វឹកហ្វឺនដល់កម្លាំងរក្សាសន្តិភាព ហើយក៏សូមអរគុណចំពោះជប៉ុននៅការសន្យាជួយកម្ពុជានិងសហការជាមួយ កម្ពុជាយ៉ាងជិតស្និទ្ធ ដើម្បីឲ្យកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន ទទួលបានជោគជ័យ ជាពិសេស អាចដោះស្រាយនូវបញ្ហាក្ដៅនានា ជាពិសេសបញ្ហាមី យ៉ាន់ម៉ា នឹងបញ្ហានៅសមុទ្រចិនខាងត្បូង។

សម្ដេចតេជោ ក៏បានស្នើឱ្យមានការហោះហើរឡើងវិញនៅពេលដែលសភាពការណ៍បានធូរស្រាល ដោយសុំឱ្យក្រុមហ៊ុនយន្តហោះ ANA ចាប់ផ្ដើមហោះហើរឡើងវិញដោយ សារកម្ពុជា  បានបើកប្រទេសឡើងវិញ ហើយក៏មិនមានការធ្វើចត្តាឡីស័កនោះទេ ហើយសម្ដេច ក៏បានសំណូមពរឲ្យភាគីជប៉ុនពិចារណាជួយឡាវផងដែរ ដោយសារតែប្រទេសឡាវ កំពុងតែជួបបញ្ហាជំងឺឆ្លងផង នឹងបញ្ហាសេដ្ឋកិច្ចផង ។

លោកនាយករដ្ឋមន្ត្រីជប៉ុនបានអរគុណកម្ពុជាក្នុងការសហការគាំទ្របេក្ខភាពជប៉ុនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខហើយនិងគោលនយោបាយកែទម្រង់របស់អង្គការសហប្រជាជាតិ ។លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ឡើងវិញពីការត្រៀមសហការនិងគាំទ្រកម្ពុជាឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ហើយនៅឆ្នាំ២០២៣គឺជាខួបទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុនហើយក៏ជាខួបទី៥០ នៃចំណងមិត្តភាពជប៉ុន-អាស៊ាន ហើយភាគីយើងទាំងពីរនិងសហការគ្នា ដើម្បីរៀបចំឲ្យមានកម្មវិធី ដើម្បីរំឭកខួបអនុស្សាវរីយ៍ទាំងពីរនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីហើយសង្ឃឹមថាលោកនឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយនៅភ្នំពេញហើយ សម្ដេចក៏សូមអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនក្នុងពេលនោះបំពេញទស្សនកិច្ចនៅកម្ពុជាដែលកម្ពុជាជាមិត្តដ៏ស្មោះត្រង់ម្នាក់របស់ជប៉ុនផងដែរ ៕

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *