ព្រះសីហនុៈមហាសន្និបាត សមុទ្រអាស៊ីបូព៌ាលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី១-២ ធ្នូនៅក្រុងព្រះសីហនុបានបិទ បញ្ចប់ប្រកបដោយជោគជ័យ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១នេះលោក នេត្រ ភក្ត្រា បាននិយាយថា មហា សន្និបាតដែលជាកាលានុវត្តភាពមាសសម្រាប់ព្រះរាជាណាចក្រកម្ពុជា បង្ហាញទៅពិភពលោកពីភាពជាអ្នកដឹកនាំ។ បង្ហាញពីសក្តានុពលនៃខេត្តព្រះសីហនុដែលជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក៏ដូចជាបង្ហាញនូវសមិទ្ធផលពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការធ្វើទំនើបកម្មខេត្តព្រះសីហនុ ។ជាពិសេសការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៧ខ្សែ ការសាងសង់អាងប្រព្រឹត្តកម្មសម្អាតសំណល់រាវ ទឹកកខ្វក់ រួមនឹងការរចនាតំបន់ឆ្នេរដ៏ស្រស់ស្អាត ជាផ្នែកមួយនៃការបង្កើនសក្តានុពលខេត្តព្រះសីហនុលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍ សេដ្ឋកិច្ចបន្ថែមទៀត។
លោកបានបន្តថា”រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តទាំងបួន ដែលមានដែនដីជាប់មាត់សមុទ្របាន រៀបចំនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រនានាក្នុងការ អភិរក្សឆ្នេរសមុទ្រ ធនធានសមុទ្រដែលមាន រួមនឹងការកាត់បន្ថយការបំពុលសមុទ្រ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការបង្កើនសុខុមាលភាពសមុទ្រ និងជីវភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ និងកោះនានា”។
លោករដ្ឋលេខាធិការបញ្ជាក់បន្ថែម ពិភពលោកនឹងបានស្គាល់ច្បាស់អំពីសក្តានុពលនៃខេត្តជាប់មាត់សមុទ្ររបស់កម្ពុជារួមមានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និងខេត្តកែបដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែង ៤៤០ គីឡូម៉ែត្រ ហើយក៏បានស្ថិតក្នុងចំណោមឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោកផងដែរ៕