បុរសម្នាក់ ស្លាប់ យ៉ាងអាណោចអធ័ម ដោយអគ្គិភ័យមួយបានឆាបឆេះ កាលពីវេលាម៉ោង ៣និង២៥ នាទី រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅបន្ទប់ផ្ទះជួល ផ្លូវបេតុង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ហេង សំអ៊ុន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងលក់ដូរ មានប្រពន្ធឈ្មោះ ហៀង ហម អាយុ៥២ឆ្នាំ មុខរបរ លក់ដូរ មានកូន ២ នាក់ (ប្រុស១នាក់ ស្រី១នាក់) ក្នុងបន្ទុកគ្រួសារ ស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើត នៅខេត្តព្រៃវែង ។
តាមការបញ្ចាក់ប្រាប់ពីកូនស្រីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ឪពុកម្តាយ បានឈ្លោះ ប្រកែកពាក្យសម្តីគ្នាមួយប្រាវ ហើយម្តាយ ក៏បានចេញទៅក្រៅបាត់ទៅ នៅផ្ទះតែ ២ នាក់ ឪពុក (សព) និងកូនស្រី ចំណែកកូនប្រុសបង បានទៅធ្វើការ បាត់ហើយ ដោយនៅផ្ទះ ឪពុកគាត់ ដាក់ដាំទឹក ចង្ក្រានហ្គាស ស្រាប់តែនៅវេលាម៉ោងខាងលើ ស្នូរផ្ទុះ ក្បាលទុយោធុងហ្គាស ចេញជាអណ្តាតភ្លើង ឆាបឆេះដល់អីវ៉ាន់ ផ្សែងខ្មួលខ្មាញ់ សន្ធោឡើង ជនរងគ្រោះ ជាឪពុកដងទឹកជះ ខ្លួនរត់ចេញក្រៅ ភ្លើងកាន់តែខ្លាំងឡើងរហូតដល់ផ្ទុះកំប៉ុងហ្គាស តូចៗទៀត ផ្អើលអ្នកជិតខាង ជួយមិនឈ្នះ ជាប់ឪពុកនៅក្នុងផ្ទះ ។
រថយន្តពន្លត់អគ្គិភ័យ ចំនួន ៨ គ្រឿង បានបញ្ជូនទៅជាបន្តបន្ទាប់ បាញ់ទឹកពន្លត់ភ្លើង ៣ រថយន្ត ទើបរលត់ទៅវិញ សមត្ថកិច្ច តាមស្វែងរកជនរងគ្រោះ ក៏ប្រទះឃើញ ស្លាប់ផ្កាប់មុខ ក្នុងបន្ទប់ទឹក ។
បើតាមការសន្និដ្ឋាន នៅពេលដែលភ្លើងកំពុងឆេះខ្លាំង ជនរងគ្រោះ ចេញក្រៅមិនរួច រត់ចូលក្នុងបន្ទប់ទឹក តែឈ្លក់ផ្សែង ថប់ដង្ហើម ទើបបណ្តាលឲ្យស្លាប់ ។
ទោះជាយ៉ាងណាក្តី សមត្ថកិច្ចមូលដ្ឋាន មន្ត្រីជំនាញ បានពិនិត្យ ស្រាវជ្រាវបន្ត ជុំវិញគ្រោះ អគ្គិភ័យ ខាងលើ បណ្តាលឲ្យមានមនុស្សស្លាប់ មុននឹងប្រគល់សព ជូនក្រុមគ្រួសារ ៕