ភ្នំពេញៈ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា មុខសញ្ញាទន្ទ្រានព្រៃលិចទឹកក្នុងតំបន់៣ គឺសមត្ថកិច្ចមានបញ្ជីឈ្មោះអស់ហើយ និងស្រាវជ្រាវអ្នកដែលពាក់ព័ន្ធ។ ហើយបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសភ្លាម គឺមានមនុស្សមួយចំនួនចេញមកសារភាពនិងបានប្រគល់ដីជូនរដ្ឋវិញដោយមិនមានការតវ៉ា។
នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា មានប្រជាពលរដ្ឋមួយចំនួនដែលបានបំពានរំលោភទៅលើតំបន់អភិរក្ស គឺតំបន់ នៃតំបន់បឹងទន្លេសាប យោងតាមការអំពាវនាវរបស់សម្តេចចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ហើយមនុស្សភាគច្រើនដែលបានប្រុងប្រៀបនឹងចុះទៅធ្វើការភ្ជួររាស់ ឬមួយទៅកាប់ដើម្បីទន្ទ្រានបង្កបង្កើនផលនៅពេលដែលទឹកស្រកត្រឡប់ទៅវិញ ក្រោយពេលដែលបទបញ្ជារបស់សម្តេចភ្លាម គឺនាំគ្នារត់បាត់អស់ទៅ ដោយសារតែប្រជាជនដឹងថា ខ្លួនខុសហើយគឺបានរត់ចេញពីតំបន់នោះ។ លើកតែតែមនុស្សចំនួន ៨នាក់នៅខេត្តបាត់ដំបងដែលកំពុងតែធ្វើសកម្មភាពត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំអំពីការចូលទៅក្នុងតំបន់៣ ក្នុងការធ្វើសកម្មភាពទន្ទ្រាន។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ចំពោះមុខសញ្ញាដែលធ្វើសកម្មភាពទន្ទ្រាន គឺមុខសញ្ញាមួយចំនួនគឺមានបញ្ជីឈ្មោះអ្នកបំពាន ប៉ុន្តែដោយសារតែមិនទាន់ស្រកអស់ គឺមនុស្សទាំងនោះមិនចូលទៅធ្វើសកម្មភាព។ តែសមត្ថកិច្ចក៏នៅតែស្រាវជ្រាវវដើម្បីរកអ្នកណាខ្លះដែលចូលទៅបំផ្លាញព្រៃលិចទឹកនៅក្នុងរយៈពេលកន្លងទៅនៅក្នុងតំបន់៣។ ហើយមនុស្សមួយចំនួនទៀតអត់មានអត្តសញ្ញាណទេ បានចូលទៅកាប់ទន្ទ្រាន ប៉ុន្តែរកអត្តសញ្ញាណអត់ទាន់ឃើញកំពុងតែធ្វើការស្រាវជ្រាវ។
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ចាក់បន្តថា ពាក់ព័ន្ធអាវុធហត្ថដែលឯកឧត្តមគ្រប់គ្រងបញ្ជា គឺសំខាន់ធ្វើការល្បាតតាមមធ្យោបាយផ្លូវទឹកដើម្បីទប់ស្កាត់ការបញ្ជូនមធ្យោបាយ មនុស្ស និងសម្ភារៈចូលទៅទន្ទ្រានកាប់ ឬមួយក៏ធ្វើការដាំដុះនៅពេលរដូវទឹកស្រកនេះ។ ហើយប្រើប្រាស់កម្លាំងថ្មើរជើង ដែលអាចធ្វើដំណើរដោយរថយន្ត ដោយម៉ូតូ ឬក៏ដោយថ្មើរជើងនៅលើគោកនៅតំបន់ដែលហាមឃាត់ (តំបន់៣) ដែលចូលទៅបាននៅពេលទឹកស្រក គឺធ្វើល្បាតដោយថ្មើរជើងទប់ស្កាត់កុំឲ្យមានការចូលទន្ទ្រានកាន់កាប់ថ្មី ឬមួយបង្កបង្កើនផលដាំដុះនៅលើតំបន់ដែលហាមឃាត់ទោះបី ១ឆ្នាំមុន ឬ ២ឆ្នាំមុន គាត់បានធ្វើសកម្មភាពហើយក៏ដោយ ប៉ុន្តែឆ្នាំនេះមិនឲ្យធ្វើទេ ហើយបើអ្នកណានៅតែបំពានគឺត្រូវតែអនុវត្តច្បាប់ហើយ៕