ឆ្នាំជូត: រាសីស្រុតចុះ។ការរស់នៅថ្ងៃនេះមិនត្រូវចេះដឹងរឿងអ្នកដទៃច្រើន ឬយករឿងអ្នកដទៃមកជជែកនាំកើតជាបញ្ហាពិបាក ឬត្រូវប្រឈមជាមួយអ្នកដទៃនៅពេលក្រោយប៉ុណ្ណោះ។ការប្រកបការងារឃើញថាដំណើរជីវិតរបស់លោកអ្នកជួបបញ្ហារាំងស្ទះបន្តិចបន្តួចយាយីពិសេសធ្វើច្រើនបានទទួលផលតិចថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញលាភហេងទោះតូចឬធំមានការបោលហួសជានិច្ច ដូច្នេះប្រាក់កាសដែលរកបានមកមានភាពតានតឹងណាស់។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើជួបគ្នាថ្មី្មថ្មោងតែងមានការជឿនលឿនទៅមុខឆាប់រហ័ស ហើយបើថយក្រោយវិញក៏លឿនដែរ៕
ឆ្នាំឆ្លូវ: រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសការរស់នៅលោកអ្នកត្រូវចេះរៀបចំគ្រួសារ និង ប្រាក់កាសឱ្យបានល្អទើបពុំមានអ្វីនាំឱ្យរែកពន់ភាពលំបាកលំបិននាពេលក្រោយ។ការប្រកបការងារដោយសារដួងរាសីឡើងខ្ពស់ ដូចនេះអាចសម្រុកបានហើយ ពីព្រោះថាផលតែងហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមានបញ្ហាល្អក់កករផ្លូវចិត្ត ថ្ងៃនេះអាចប្រែមកល្អូកល្អិននិងយល់ចិត្តគ្នាឡើងវិញ៕
ឆ្នាំខាល: រាសីស្រុតចុះ។ការរស់នៅថ្ងៃនេះលោកអ្នកជួបរឿងសៅហ្មង ហើយបញ្ហាទាំងប្រាក់កាស និងក្រុមគ្រួសារក៏ជួបរឿងរាវអំពលទុក្ខច្រើនដែរ។លោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះការងារបន្តិចព្រោះថាមានក្រុមមនុស្សចាំតែចាប់កំហុស ហើយបើឃើញលោកអ្នកមានបញ្ហាផងគេចាំតែជាន់ពន្លិចបន្ថែមប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។
សម្ព័ន្ធស្នេហាប្រុសស្រីមិនត្រូវយកភាពប្រកែប្រកាន់ដាក់មុខច្រើនឡើយ បើពុំនោះកើតមានតែរឿងរាវមិនចេះចប់ពុំខាន៕
ឆ្នាំថោះ: រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដួងរាសីត្រឡប់មកល្អប្រសើរឡើងវិញ ហើយក៏ជាថ្ងៃសុខដុមដែរ ។ក្រៅពីនេះបើលោកអ្នកចង់សម្រេចរឿងការងារត្រូវជជែករឿងការងារ និងបើចង់សមដូចប្រកបរឿងស្នេហាត្រូវជជែករឿងស្នេហា។ផ្តល់ផលល្អសម្រាប់សម្រុកកិច្ចការងារតូចធំ ហើយ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងកិច្ចឬចរចាបញ្ហាអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕
ឆ្នាំរោង: រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាផ្ទាល់ខ្លួនយាយីមួយចំនួនផង។ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំម្សាញ់: រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកត្រូវមានភាពឧស្សាហ៍ដាក់ខ្លួន ហើយត្រូវចេះយកចិត្តក្រុមមនុស្សបន្តិចទើបទទួលលទ្ធផលអ្វីមួយត្រឡប់មកវិញ។ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្ត និង រឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំមមី: រាសីខ្ពស់ត្រដែត។នៅពេលនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការបង្កើតមុខរបរ ឬធ្វើអ្វីមួយពីព្រោះថាតែងឆាប់ចប់ដោយលឿន ឯផលក៏គ្រាន់គាប់ប្រសើរដែរ។ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារពាក់ព័ន្ធបញ្ហាប្រាក់កាសនិងការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះគ្មានចំណូលអ្វីជាដុំកំភួនតែភាពសុខដុមមានភាពប្រពៃណាស់។
បញ្ហាស្នេហា ប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខនិងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមែ: រាសីល្អជាមធ្យម។ក្នុងអំឡុងពេលនេះឱ្យប្រយ័ត្នប្រយែងទៅលើបញ្ហាការងារ ប្រាក់កាស ដោយសារមានចន្លោះប្រហោងច្រើន។ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំវក: រាសីខ្ពស់ត្រដែត។អំឡុងពេលនេះបើលោកអ្នកធ្វើដំណើរទៅណាមកណាឱ្យប្រយ័ត្នប្រយែងបញ្ហាឧប្បត្តិហេតុ និង មានរឿងរាវកើតឡើងដោយប្រការណាមួយ។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារលើបញ្ហាប្រាក់កាស ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តធ្វើកិច្ចសន្យា អ្វីមួយក៏អាចអនុវត្តបានហើយ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពកក់ក្តៅនិងប្រាស្រ័យទាក់ទងគ្នាដូចសព្វមួយដង៕
ឆ្នាំរកា: រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងអ្នកដទៃឡើយគឺត្រូវចេះត្រិះរិះឱ្យបានល្អិតល្អន់ទើបមិននាំអំពលទុកដាក់ខ្លួននិងមិនចាញ់បោកគេ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។
ចំពោះគូស្នេហាប្រយ័ត្នអាចមានអ្នកក្រៅនាំរឿងមកអុជអាល៕
ឆ្នាំច: រាសីស្រុតចុះ។ថ្ងៃនេះមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងរឿងសំខាន់ ឬចរចារឿងសំខាន់ឡើយពីព្រោះថាងាយភ្លាំងភ្លាត់ ឬមិនសម្រេចដូចបំណងសោះឡើយ។ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះជាពិសេសមុនពេលចុះហត្ថលេខា ឬផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗចូរចេះពិនិត្យពិច័យឱ្យល្អិតល្អន់ទើបពុំមានការភ្លាំងភ្លាត់ និងមិនខាតផលប្រយោជន៍ឥតអំពើ។
ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ព្រោះតែងកើតនូវរឿងរាវខ្លះៗយាយីធ្វើឱ្យមិនសូវស្រួលចិត្តប៉ុន្មានឡើយ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំកុរ: រាសីល្អជាមធ្យម។ក្នុងពេលនេះរង្វង់គ្រួសាររបស់លោកអ្នកលេចនូវបាតុភាពរឿងរកាំរកូសខ្លះៗកើតឡើង ម្ល៉ោះហើយត្រូវចេះប្រើបញ្ញាដោះស្រាយ និងចេះអត់ធ្មត់ទើបប្រសើរ។លោកអ្នកពុំត្រូវធ្វើអ្វីដោយមិនមើលគេឯងឡើយ ហើយឱ្យប្រយ័ត្នសត្រូវលាក់មុខលបវាយប្រហារដោយប្រការណាមួយ។ក្នុងរយៈពេលនេះការរកស៊ីជួញដូររបស់លោកអ្នកភាគច្រើនបានធ្លាក់ចុះដុនដាបនាំឱ្យជួបបញ្ហាលំបាក ម្ល៉ោះហើយត្រូវអត់ធ្មត់និងចេះសម្លឹងរកមុខរបរបន្ថែមទើបប្រសើរ។
សម្ព័ន្ធស្នេហាប្រុសស្រីចូរកុំឈ្លក់វង្វេងនឹងស្នេហាភ្លើតភ្លើន ឬស្នេហាដូចភ្លើងចំបើងប្រយ័ត្នជួបរឿងប្រុសប្រកែកស្រីប្រកាន់នាំទុក្ខដាក់ខ្លួន៕