ភ្នំពេញ៖ ក្រុមការងារអន្តរក្រសួង បានឲ្យដឹងថាៈ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង តំបន់ដែលជាប់ពាក់ព័ន្ធនឹងដីព្រៃ របស់រដ្ឋ មានចំនួន៣តំបន់ នៃផ្ទៃដីសរុបទំហំ ២០៦ ៩៥៣ ហិកតា ស្មើនឹង ៣១,៩៦% សរុបមានចំនួន ២៩ ទីតាំង ស្មើនឹងផ្ទៃដីប្រមាណ ១២ ២២១ ហិកតា និងមានប្រជា ពលរដ្ឋ ដែលចូលទន្ទ្រានកាន់កាប់ ចំនួន ២ ៥១៤ គ្រួសារ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រោយចប់កិច្ចប្រជុំ ដើម្បីពិនិត្យ វាយតម្លៃរួម និងដាក់ចេញនូវ យន្តការដោះស្រាយ របស់ក្រុមការងារអន្តរក្រសួង ដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើក ឡើង ក្នុងបណ្តាញសង្គមថា បន្ទាប់ពីក្រុមការងារអន្តរក្រសួង បានអញ្ជើញចុះទៅ ពិនិត្យ ទីតាំងជាក់ស្តែងរួចមក បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យវាយតម្លៃជារួម និងដាក់ចេញនូវ យន្តការដោះស្រាយ ចំពោះមុខ និងវិធានការការពារ ដីព្រៃលិចទឹក របស់រដ្ឋ នៅសាលាខេត្តបាត់ដំបង។ ប្រជាពលរដ្ឋ ដែលចូលទន្ទ្រាន កាន់កាប់ដីព្រៃរដ្ឋ ចំនួន ២ ៥១៤ គ្រួសារ ស្ថិតនៅក្នុងឃុំចំនួន ១៧ ក្នុងស្រុកចំនួន៤ មានដូចជា ១.ស្រុកសង្កែ មានឃុំចំនួន ១០ ក្នុងនោះ មានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ទន្ទ្រាន កាន់កាប់ ៦កន្លែង ស្មើនឹង ១១៤,៥ ហិកតា និងមានប្រជាពលរដ្ឋ ចំនួន ១ ៩៤៤ គ្រួសារ។ ២.ស្រុកថ្មគោល៖ មានឃុំចំនួន ១០ ក្នុងនោះមានឃុំ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ទន្ទ្រាន កាន់កាប់ ៨កន្លែង ស្នើផ្ទៃដី ៣៨៦ ហិកតា និងមាន ប្រជាពលរដ្ឋ ចំនួន ៦៩ គ្រួសារ។ ៣.ស្រុកមោងឫស្សី៖ មានឃុំចំនួន៩ ក្នុងនោះមានឃុំ៥ ស្ថិតនៅជាប់នឹងតំបន់ដី ព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ១១ កន្លែង ស្នើផ្ទៃដី ២១៤,៧ ហិកតា និងមានប្រជាពលរដ្ឋ ចំនួន ១៩២ គ្រួសារ។ និង៤.ស្រុកឯកភ្នំ៖ មានឃុំចំនួន៧ ក្នុងនោះមានឃុំ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ ទន្ទ្រានកាន់កាប់ ៤កន្លែង ស្មើនឹងផ្ទៃដី ៣ ០៥៣,២ ហិកតា និងមានប្រជាពលរដ្ឋ ចំនួន ៣០៩ គ្រួសារ។
លោករដ្ឋមន្ត្រី បន្តទៀតថាៈ កិច្ចប្រជុំខាងលើនេះ ក្រុមការងារ បានពិភាក្សាគ្នា យ៉ាងល្អិតល្អន់ និងស៊ីជម្រៅ ទាក់ទងបញ្ហាខាងលើ ចុងបញ្ចប់ កិច្ចប្រជុំបានសម្រេច ឲ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនា ធិការ និងរៀបចំបោះបង្គោលព្រំដីព្រៃលិចទឹក ឲ្យបានគ្រប់ចំនួនសរុប ៦០ ដែលមិន ទាន់បោះ ក្នុងចំណោមបង្គោល សរុបទូទាំងខេត្តចំនួន ១១២ បង្គោល។ ដោយឡែក យន្តការដោះស្រាយ បញ្ហា ជារួម គឺយកលទ្ធផលទាំង ៧ ចំណុច នៃកិច្ចប្រជុំនៅ ខេត្តពោធិ៍សាត់៕