ប្រជាពលរដ្ឋ​បានដាក់​ពាក្យ​ប្តឹង​លោក អាំង សុភា ចៅក្រម​សាលាដំបូង​ខេត្តកំពត​ទៅ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ពាក់ព័ន្ធ​ការអនុវត្ត​នីតិវិធី​ដោយ​លំអៀង

​ភ្នំពេញៈ ប្រជាពលរដ្ឋ​បានដាក់​ពាក្យ​ប្តឹង​លោក អាំង សុភា ចៅក្រម​សាលាដំបូង​ខេត្តកំពត​ទៅ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ពាក់ព័ន្ធ​ការអនុវត្ត​នីតិវិធី​ដោយ​លំអៀង ដោយ​ការ​ស្អប់ និង​ការភ័យខ្លាច​។ ប្រជាពលរដ្ឋ​បាន​ស្នើសុំ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ចុះ​ធ្វើ​អធិការកិច្ច​នៅ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៨៣២ ចុះ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​របស់​សាលាដំបូង​ខេត្តកំពត​។ ពាក្យបណ្តឹង​បាន​ចូល​ទៅដល់​ក្រសួងយុត្តិធម៌​កាល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ខណៈ​មន្ត្រី​ជំនាញ​កំពុងតែ​ពិនិត្យ​។​

​យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ ប៉ុល លក្ខណា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប បាន​ជម្រាបជូន​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថា : “​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ នាង​ខ្ញុំ​បានដាក់​ពាក្យស្នើសុំ​បញ្ចូល​សាក្សី និង​កោះ​សាក្សី មក​សាលាដំបូង​ខេត្តកំពត ក្នុង​នីតិវិធី​វ​ស៊ើបសួរ ដែលមាន​លោក អាំង សុភា ជា​ចៅក្រម​កាន់​សំណុំរឿង ប៉ុន្តែ​លោក​ចៅក្រម សុភា មិនបាន​កោះហៅ​សាក្សី​ឈ្មោះ ប៉ុល រដ្ឋា មក​សាកសួរ​នៅ​ដំណាក់កាល​ស៊ើបសួរ​តាម​ការស្នើសុំ​នោះឡើយ លើសពីនេះ នៅក្នុង​បញ្ជីរាយនាម​ជន​ដែល​ទាក់ទិន ចុះ​ថ្ងៃ​០៦ ខែកញ្ញា ឆ្នាំ​២០២១ របស់លោក​ក្រម អាំង សុភា ដែល​បញ្ចូល​សំណុំរឿង​លេខ ៨៣២ ចុះ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ ទៅ​ជំនុំជម្រះ ក៏​ពុំមាន​ស​ក្សី​ឈ្មោះ ប៉ុល រដ្ឋា ដែល​នាង​ខ្ញុំ​បានស្នើ​សុំ​បញ្ចូល​ក្នុង​សំណុំរឿង​ដែរ​”​។​

​ស្ត្រី​ឈ្មោះ ប៉ុល លក្ខណា បាន​បន្តថា “​ការអនុវត្ត​និ​វិធី​របស់លោក​ចៅ អាំង សុភា គឺមាន​ចេតនា​ដោយផ្ទាល់ មាន​ភាពលំអៀង ដោយ​ការ​ស្អប់ និង​ដោយ​ការភ័យខ្លាច ដោយមាន​អ្នកមានអំណាច​ក្នុង​ប្រព័ន្ធតុលាការ​បាន​អន្តរាគមន៍​ការពារ​ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ន សុខ​មាន ទើប​ធ្វើ​ឲ្យ​ការអនុវត្ត​នីតិវិធីរ​បស់​លោក​ចៅក្រម អាំង សុភា មាន​ភាពលំអៀង​ក្នុងការ​ចាប់ផ្ដើម​ស៊ើបសួរ មាន​ភាពលំអៀង​ក្នុងការ​ដោះលែង​ជន​ត្រូវ​ចោទ​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន និង​មាន​ភាពលំអៀង​ក្នុងការ​បញ្ចូល​ឯកសារ​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ លោក​ចៅក្រម អាំង សុភា ដែល​បាន​អះ​អាំង​ជំនួស​ជន​ត្រូវ​ចោទ ដោះលែង​ជន​ត្រូវ​ចោទ​ឲ្យ​នៅក្រៅ​ឃុំ ខណៈដែល​ជន​ត្រូវ​ចោទ​នេះ​បាន​គេចវេះ​មិន​ចូល​ឆ្លើយ​នៅ​តុលាការ​ចំនួន​០៤​លើក និង​មាន​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​មក​តុលាការ និង​ជាពិសេស​លោក​ចៅក្រម អាំង សុភា មាន​ចេតនា​បន្លំ​បំបាត់​សាក្សី​ឈ្មោះ ប៉ុល រដ្ឋា ដែល​នាំ​ឲ្យ​ប៉ះពាល់ និង​ខូច​ផលប្រយោជន៍​របស់ខ្ញុំ​យ៉ាងខ្លាំង​។

​នាង​ខ្ញុំ​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ នាង​ខ្ញុំ​បាន​ប្ដឹង​លោក​ចៅក្រម អាំង សុភា មក​ក្រសួងយុត្តិធម៌​ម្តង​រួចហើយ ពាក់ព័ន្ធ​នឹង​ករណី​ការអះអាង​ជំនួស​ជន​ត្រូវ​ចោទ និង​ដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ន សុខ​មាន ដែល​បាន ឆបោក ដោយ​ក្លែង​ឋានៈ​ជា​វិស្វករ​សំណង់ បោក​យកប្រាក់​ថ្លៃ​ម៉ៅការ សាងសង់​ផ្ទះ​នាង​ខ្ញុំ សរុប​ចំនួន​៩៧,៩៥៩ ដុល្លារ​អាមេរិក ប៉ុន្តែ​ក្រសួងយុត្តិធម៌ មិនទាន់មាន​ចំណាត់​ការណ៍​អ្វី​នៅឡើយ ។ អាស្រ័យ​ហេតុ​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ​សូម​ឯកឧត្តម​រដ្ឋមន្ត្រី​មេត្តា​ពិនិត្យ និង​ដាក់វិន័យ​លើ​លោក អាំង សុភា និង​ចុះ​អធិការកិច្ច​នៅក្នុង​សំណុំរឿង​ខាងលើ ដើម្បី​ការពារ​ផលប្រយោជន៍​ច្បាប់ និង​ពង្រឹង​កិត្យានុភាព​នៃ​ការអនុវត្ត​នីតិវិធី​ច្បាប់​ប្រកបដោយ​យុត្តិធម៌ ដោយ​ក្តី​អនុគ្រោះ​។
​ទាក់ទង​ករណីនេះ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​។​ ​ចំណែក​លោក​ចៅក្រម អាំង សុភា ក៏​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានដែរ​ជុំវិញ​ការចោទប្រកាន់​របស់​ស្ត្រី​ឈ្មោះ ប៉ុល លក្ខណា​៕​

Leave a Reply

Your email address will not be published. Required fields are marked *