ថៃបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទ អូមីក្រុង លើកដំបូងលើពលរដ្ឋអាម៉េរិកម្នាក់ដែលបានធ្វើដំណើរមកពីអេស្ប៉ាញកាលពីខែមុន។ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងនិងបង្ការជំងឺលោក អូប៉ាស កាន់កាវីនពង់ បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា ករណីឆ្លងអូមីក្រុងនេះកើតលើបុរសវ័យ៣៥ឆ្នាំម្នាក់ដែលជាជនជាតិអាម៉េរិកនិងរស់នៅអេស្ប៉ាញអស់ពេល១ឆ្នាំ។អ្នកជំងឺបានមកដល់ថៃកាលពីថ្ងៃ២៩វិច្ឆិកានិងបានចេញរោគសញ្ញាស្រាល។ ការប្រកាសរកឃើញនេះធ្វើអោយថៃក្លាយជាប្រទេសទី៤៧នៅក្នុងលោកដែលបានប្រកាសរកឃើញអ្នកផ្ទុកវីរុសអូមីក្រុង។
លោកអូប៉ាសបានបន្តថា អាជ្ញាធរបានធ្វើតេស្តិ៍បន្ថែមលើអ្នកដែលបានប៉ះពាល់ឬទាក់ទងជាមួយបុរសនេះ តែរាល់ការទាក់ទងប្រឈមហានិភ័យពីការឆ្លងទាប។ ថៃហាមអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកចំនួន៨ ចាប់ពីដើមខែធ្នូ ចំពេលមានការបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មីនេះ។ កាលពីថ្ងៃចន្ទ ថៃបានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤.០០០នាក់និងអ្នកជំងឺកូវីដ១៩ចំនួន២២នាក់បានស្លាប់ ដែលនាំអោយចំនួនឆ្លងជំងឺនេះសរុបឡើងដល់ជាង២,១លាននាក់និង២០.៩៦៦នាក់ស្លាប់ចាប់តាំងពីពេលផ្ទុះជំងឺនេះកាលពីដើមឆ្នាំមុន។
ក្រសួងបានបង្ហាញថា ប្រជាជនថៃទើបតែ៥៧ភាគរយបានចាក់វ៉ាក់សាំងការពារកូវីដ១៩បានពេញលេញ៕