ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញរបស់លោកប្រធានក្រុមប្រឹក្សារដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាក្នុងការអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅសហភាពមីយ៉ាន់ម៉ានៅថ្ងៃទី ៧ និង ៨ ខែមករា ២០២២ ខាងមុខ ។ នេះបើយោងតាមការបញ្ជាក់ របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែន។
លោក អ៊ាង សុផល្លែត បានឲ្យដឹងថានៅព្រឹកថ្ងៃ៧ខែធ្នូឆ្នាំ២០២១សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេសនិងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។ នៅក្នុងជំនួបប្រមាន៣ ម៉ោង សម្ដេចតេជោនាយករដ្ឋមន្រ្តី និង លោក វុនណា ម៉ោងលីន បានពិភាក្សាអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងមីយ៉ាន់ម៉ាផងនិងពិភាក្សាអំពីបញ្ហាអាស៊ានផងដើម្បីស្វែងរកមធ្យោបាយធ្វើយ៉ាងណាឲ្យអាស៊ានមានកិច្ចសហប្រតិបត្តិការល្អនិងសាម គ្គីភាពល្អឡើងវិញ ។ ក្នុងឱកាសនោះផងដែរលោករដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាក៏បានគោរពជូនសម្ដេចតេជោនូវលិខិតរបស់លោកប្រធានក្រុមប្រឹក្សា រដ្ឋនិងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាជូនសម្ដេចតេជោដើម្បីអញ្ជើញសម្ដេចតេជោទៅធ្វើទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧-៨ខែមករា ឆ្នាំ២០២២ខាងមុខ។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាសម្ដេចនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាម៉ានៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ ២០២២ខាងមុខតបតាមការ អញ្ជើញរបស់លោកប្រធានក្រុមប្រឹក្សារដ្ឋនិងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕