រតនគិរីៈ កាលពីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១យុវជនបីនាក់ ជិះម៉ូតូឌុបគ្នា លឿនជ្រុល បុកគោបណ្តាលឲ្យស្លាប់ម្នាក់ និង ពីរនាក់ទៀត រងរបួសធ្ងន់។ រីឯគោ ដែលត្រូវម៉ូតូបុកនោះក៏បានប្រកាច់ងាប់ នៅនឹងកន្លែងដែរ។ ហេតុការណ៍នោះ បានកើតឡើង នៅតាមបណ្តោយ ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចអូរសាប ភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ កងរាជអាវុធហត្ថ បានប្រាប់អោយដឹងថា អ្នកបើកបរម៉ូតូ ឈ្មោះ ឃួន ពី អាយុ១៨ឆ្នាំ បានស្លាប់ តាមផ្លូវ ពេលកំពុងបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែក ២ នាក់ទៀត របួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តរតនគិរី។
សូមបញ្ចាក់ថា យុវជនទាំងបីនាក់ មិនបានពាក់មួកសុវត្ថិភាព បើកបរខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យគ្រោះថ្នាក់បែបនេះ៕