ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាសយានដ្ឋានអន្តរជាតិដែលទើបសាងសង់ថ្មី នៅទឹកដីខេត្តកណ្តាល ដែលសាងសង់បានជាង២០%ហើយនោះ ជាអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។
សូមបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មីនេះ សម្រេចការសាងសង់បាន២៧ភាគរយ នៃគម្រោងទាំងមូល ហើយដោយមកដល់បច្ចុប្បន្នបាន ចំណាយអស់ទឹកប្រាក់ជិត ៤០០លានដុល្លារអាមេរិក បើទោះបីជាមានការរាំងស្ទះ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ គម្រោងដែលប្រើទុនវិនិយោគទាំងស្រុង ដោយក្រុមហ៊ុន CAIC នេះ មកដល់ពេលនេះ បានចំណាយទឹកប្រាក់សរុបចំនួន ៣៧៥លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០២២ ខាងមុខ គ្រោងនឹងចំណាយថវិកា ៤៦៧លានដុល្លារអាមេរិក។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ គម្រោងទាំងមូលនឹងចំណាយទឹកប្រាក់សរុប ១ពាន់៥០០លានដុល្លារអាមេរិក។ ការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនេះ ប្រើប្រាស់កម្លាំងបុគ្គលិក កម្មករចំនួនសរុប ៣៧៤០នាក់៕