អ្នកនាំពាក្យក្រសួងការបរទេសចិន ៖ ការប្រកាសរបស់ក្រសួងពាណិជ្ជកម្មអាមេរិកគឺជាទង្វើដែលប្រើអំណាចគៀបសង្កត់លើកម្ពុជាយ៉ាងពិតប្រាកដនិងច្បាស់លាស់ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ នឹងគាំទ្រឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត។
នាថ្ងៃទី៩ខែធ្នូ ឆ្នាំ ២០២១ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន មានការលើកឡើងយ៉ាងដូច្នេះថា៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា អាមេរិកនឹងបន្ថែមវិធានការកំណត់ថ្មីលើការនាំចេញនិងនាំចេញឡើងវិញនូវប្រភេទទំនិញរសើបរបស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការហាមឃាត់លក់អាវុធនិងសម្ភារៈយោធាដល់កម្ពុជា ដោយក្រោមហេតុផលថាមានអំពើរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការអនុញ្ញាតបង្កើនវត្តមានយោធាចិនក្នុងប្រទេសកម្ពុជា។ តើភាគីចិនមានយោបល់យ៉ាងដូចម្ដេចចំពោះការលើកឡើងបែបនេះ?
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនមានប្រសាសន៍ថា ថ្មីៗនេះ អាមេរិកបន្តបង្ខូចឈ្មោះនិងលាបពណ៌លើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា គំរាមកំហែង ដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា។ នេះគឺជាទង្វើដែលប្រើអំណាចគៀបសង្កត់លើអ្នកដទៃយ៉ាងពិតប្រាកដនិងច្បាស់លាស់ នេះបានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ។ ភាគីចិនប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ។
ចិននិងកម្ពុជា គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម។ ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរឆ្លងកាត់ការសាកល្បងតាមគ្រប់រូបភាព ធ្វើឱ្យកាន់តែរឹងមាំមិនអាចបំបែកបាន។ គំនិតអាក្រក់ប៉ុនប៉ងរបស់អាមេរិកលើទំនាក់ទំនងចិននិងកម្ពុជានឹងទទួលបរាជ័យ។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូរនៃជាតិ នឹងគាំទ្រឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត៕
ប្រភព: ស្ថានទូតចិនប្រចាំកម្ពុជា