(បាងកកប៉ុស្តិ៍)៖ ជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកញ្ឆាក្រៀម១តោននិងថ្នាំមេតំហ្វេតាមីនក្រាមជាង២០០គីឡូក្រាមនៅក្នុងប្រតិបត្តិការបង្ក្រាបពីរផ្សេងគ្នានៅតាមបណ្តោយទន្លេមេគង្គក្នុងខេត្តនគរ ផាណុម ប្រទេសថៃកាលពីថ្ងៃសៅរ៍ទី១១ធ្នូ។
ក្នុងប្រតិបត្តិការទី១ ក្រុមល្បាតនៃកងម៉ារីនទន្លេមេគង្គបានចាប់ខ្លួនបុរសថៃ២នាក់ចំពោះការលួចដឹកជញ្ជូនកញ្ញាក្រៀម៤៨០ដុំ និងថ្នាំមេតំហ្វេតាមីនក្រាម(ម៉ាទឹកកក)ចំនួន២១៩គីឡូក្រាម។ពួកគេត្រូវបានចាប់ខ្លួនក្នុងពេលឡើងទូកដើម្បីនាំថ្នាំញៀនពីឡាវចូលថៃ។
ក្រុមល្បាតតាមទន្លេមួយទៀត បានស្ទាក់ចាប់បានកញ្ឆាក្រៀម៥២០ដុំ ទម្ងន់សរុប៥២០គីឡូក្រាមនៅមាត់ទន្លេក្នុងឃុំមួយក្នុងខេត្តនគរ ផាណុមដដែល និងបានឃាត់ខ្លួនបុរសថៃម្នាក់ចំពោះការសង្ស័យជួញដូរថ្នាំញៀន។
អាជ្ញាធរបាននិយាយថា កញ្ញានេះមានតំលៃ២០.០០០បាតក្នុង១គីឡូក្រាម ហើយម៉ាទឹកកកថ្លៃ៣០០.០០០បាតក្នុងមួយគីឡូក្រាម។ ថ្នាំញៀនដែលចាប់បានក្នុង២ករណីនេះ មានតំលៃជិត ១០០លានបាត៕