បាត់ដំបង៖ ពលករខ្មែរចំនួន ១២០នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង ខេត្ដបាត់ដំបង ខណៈការបើកសាកល្បងទទួលពលករកម្ពុជា ចូលធ្វើការនៅក្នុងប្រទេសថៃ តាមច្រកទ្វារ ព្រំដែនអន្តរជាតិដូង-បានឡែម ចំនួនពីរថ្ងៃ មានពលរដ្ឋខ្មែរជាង ៦០នាក់ បានចូលទៅធ្វើការស្របច្បាប់ ក្នុងខេត្តចាន់បុរី ប្រទេសថៃ ។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈ ៨១៩ កាលពីម្សិលមិញ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្ដបាត់ដំបង ដែលមានពលករសរុបចំនួន១២០នាក់ ។ បន្ទាប់ពីសាកសួរ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួចដោយគោរពតាមវិ ធានការរបស់ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ បានធ្វើតេស្តរហ័សជាលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់ ក្នុងនោះ ពលករចំនួន៣២នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ដោយសារមិនទាន់បានចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ។
ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងកិច្ចសម្ព័ន្ធមេត្រីភាពសហប្រតិបត្ដិការ រវាងកម្ពុជា និងថៃ កាលពី ដើមខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម សុថេ ថងយ៉ាំ អភិបាលខេត្ដចាន់បុរី បានបញ្ជាក់ថា ពលករកម្ពុជា ដែល អាចឆ្លងដែនទៅបម្រើការងារនៅប្រទេសថៃ ត្រូវគោរពតាមលក្ខខណ្ឌ ដូចជា ពលករត្រូវមានថៅកែជាជន ជាតិថៃធានា និងកំណត់កាលបរិច្ឆេទធ្វើដំណើរឱ្យបានជាក់លាក់។ពលករត្រូវភ្ជាប់មកនូវលិតខិតធ្វើ ដំណើរឆ្លងដែន ដែលចេញដោយប្រទេសកម្ពុជា ឬលិខិតផ្សេងៗ ដែលចេញដោយក្រសួងការងារ និង តម្រូវឱ្យពលករភ្ជាប់មកជាមួយនូវឯកសារភស្ដុតាង បញ្ជាក់ថា ធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ១៩ មិនឱ្យលើស ៧២ម៉ោងនោះទេ ព្រមនឹងបណ្ណចាក់វ៉ាក់សាំងបាន២លើក ដែលយ៉ាងហោចណាស់ ត្រូវបានចាក់វ៉ាក់លើស ពី១៤ថ្ងៃឡើង ។
ឯកឧត្ដម បន្ថែមថា ពលករកម្ពុជា តម្រូវឱ្យធ្វើចត្តាឡីស័កយ៉ាងតិចបំផុត៧ថ្ងៃ និងត្រូវតេស្ដរកជំងឺ កូវីដ-១៩ពីរលើក ក្នុងពេលកំពុងធ្វើចត្តាឡីស័ក ដោយលើកទី១ ត្រូវតេស្ដនៅថ្ងៃដំបូងនៃការធ្វើចត្តាឡីស័ក និងតេស្ដលើកទី២ នៅថ្ងៃទី៦ ឬទី៧ នៃការធ្វើចត្តាឡីស័ក ហើយពលករកម្ពុជា ត្រូវបានអនុញ្ញាតឱ្យបម្រើ ការងារនៅក្នុងប្រទេសថៃ រយៈពេល៣០ថ្ងៃប៉ុណ្ណោះក្នុងការបោះត្រាម្ដង៕