លោកឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុមមេត្តា អគ្គស្នងការរងនគរបាលជាតិ របស់ថៃ បានថ្លែងអំណរគុណ ចំពោះសមត្ថកិច្ចរបស់កម្ពុជា ដែលបានសហការ និងជួយសង្រ្គោះពលរដ្ឋខ្លួនជាង ១០០នាក់ ឲ្យរួចផុត ពីការចាប់ជំរិត និងបង្ខាំងទុក ពីសំណាក់ឧក្រិដ្ឋជនបរទេសនាពេលកន្លងទៅ នៅរាជធានីភ្នំពេញ និងទីក្រុងប៉ោយប៉ែតប្រទេសកម្ពុជានោះ។
នៅក្នុងកិច្ចជំនួបជាមួយ លោកសុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅអគ្គស្នងការដ្ឋានគរបាលថៃ វីរៈឆ័យ ស៊ុមមេត្តា បានលើកឡើងថា មានយុជន-យុវនារីរបស់ថៃយ៉ាងតិចចំនួន ១៥៩នាក់ ត្រូវបានអាជ្ញាធរខ្មែរ ជួយសង្រ្គោះពួកគេឲ្យមានសេរីភាពឡើងវិញ។ ពួកគេបានវិលត្រឡប់មកប្រទេសថៃវិញក្រោយពី ពួកគេទាំងនោះបានចាញ់បោកមេខ្យល់បរទេសឲ្យមកធ្វើការនៅប្រទេសកម្ពុជា នៅតាមក្លឹបកំសាន្តនានា និងបង្ខំជនជាតិថៃទាំងនោះឲ្យតេតាមទូរស័ព្ទបោកប្រាស់គេ ដើម្បីជំរិតយកប្រាក់ (CALL CENTER) ជាដើមនោះ។
លោក សុខ សុក្រឹត្យា លើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជា មួយថៃទាក់ទងនឹងការទប់ស្កាត់បទល្មើសនានា នៅតាមព្រំដែននៃប្រទេសទាំងពីរ ហើយលោកក៏បានស្នើភាគីថៃបន្តជំរុញកិច្ចសហប្រតិបត្តិការល្អក្នុងកិច្ចការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ, ការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស, អនុញ្ញាតិភ្ជាប់Mobile App សុវត្ថិភាពពលករចំណាកស្រុកជាមួយប្រព័ន្ធប៉ូលីសថៃ និងការទប់ស្កាត់ក្រុមប្រឆាំង ដែលប្រើប្រាស់បណ្តាញសង្គមពីប្រទេសថៃដើម្បីធ្វើការវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន តាមព្រំដែនកម្ពុជា-ថៃដែរ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុតមេត្តា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលថៃ ក៏ដូចជាស្ថាប័នប៉ូលីសថៃ ដាច់ខាតមិនអោយក្រុមប្រឆាំងយកទឹកដីថៃជាទីតាំងធ្វើកម្មភាពនយោបាយប្រឆាំង និងរាជរដ្ឋាភិបាលប្រទេសណាមួយឡើយជាពិសេសគឺប្រទេសកម្ពុជានេះតែម្តង៕