ថៃនឹងកាត់បន្ថយរយៈពេលរវាងការចាក់ដូសទី២និងដូសជំរុញទី៣ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ចំពេលខ្លួនរំពឹងថានឹងមានការឆ្លងរាលដាលវីរុសកូរ៉ូណាបំប្លែងខ្លួន អូមីក្រុង។ តាំងពីមុនមកថៃបានរកឃើញអ្នកផ្ទុកអូមីក្រុងចំនួន៨នាក់ តែជាករណីនាំចូលមិនទាន់មានការឆ្លងក្នុងសហគមន៍ទេ។ អូមីក្រុងនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសជាច្រើនហើយអាហ្វ្រិកខាងត្បូងនិងអង់គ្លេសកំពុងរងការវាយប្រហារខ្លាំងជាងគេ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា « ដោយសារអូមីក្រុងកំពុងរាលដាល ការចាក់ដូសជំរុញទី៣នឹងជួយកាត់បន្ថយការឆ្លងចេញរោគសញ្ញាធ្ងន់ធ្ងរនិងកាត់បន្ថយអត្រាមរណភាពដោយជំងឺនេះ»។
សូមបញ្ជាក់ថា មនុស្ស៤៣លាននាក់ឬស្មើនឹង៦០ភាគរយនៃប្រជាជនថៃបានទទួលវ៉ាក់សាំងដូសទី២ និង៤,១លាននាក់បានចាក់ដូសជំរុញ។
នៅព្រឹកថ្ងៃអង្គារនេះ ថៃបានប្រកាសអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២.៨៦២នាក់ និងអ្នកជំងឺកូវីដចំនួន៣៧នាក់បានស្លាប់នៅ២៤ម៉ោងកន្លងទៅ ។ ចាប់តាំងពីកូវីដ១៩មាននៅថៃកាលពីដើមឆ្នាំមុនមក មានអ្នកឆ្លង២.១៧៤.៩០៦នាក់ និង២១.១៧១នាក់បានស្លាប់៕