សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ៖ បញ្ហា(COC) កម្ពុជានឹងខិតខំប្រឹងប្រែង ប៉ុន្តែបើករណីសម្រេចមិនបានវិញសុំកុំបន្ទោសកម្ពុជា

ភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារទៅកាន់បណ្តាប្រទេសសមា ជិកអាស៊ាន,ភាគីពាក់ព័ន្ធនិងពិភពលោកថា កម្ពុជានឹងខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ នេះ។ ប៉ុន្តែបើករណីសម្រេចមិនបានវិញសុំកុំបន្ទោសកម្ពុជា ។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»នៅព្រឹកថ្ងៃទី១៥ ​ធ្នូ ដែលមានបណ្តាទូតបរទេសនានាពិសេសប្រទេ សអាស៊ានចូលរួម ផងនោះសម្តេចនាយករដ្ឋមន្រ្តីបានអះអាងថាការសម្រេចបានឬមិនបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) គឺមិនមែនអាស្រ័យទាំងស្រុងលើកម្ពុជានោះទេព្រោះ កន្លងមកប្រធានអាស៊ានដទៃទៀតក៏សម្រេចមិនបាននោះដែរ ។ ​ប្រទេសទាំងនេះមានដូចជាប្រទេសហ្វីលីពិន វៀតណាម ម៉ាឡេស៊ី ជាដើមដែលជាប្រទេសពាក់ព័ន្ធនឹង បញ្ហានៅសមុទ្រចិនខាងត្បូងនេះ» ​។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា៖បញ្ហាCOCបើមិនសម្រេចបាននៅកម្ពុជាទេកុំបន្ទោសកម្ពុជា ។ឆ្នាំ២០១២បន្ទោសកម្ពុជាថាចេញសេច ក្តីថ្លែងការណ៍មិនបាន ។ សម្តេចតេជោបានលើកឡើងថាតើអ្នកទាំងអស់គ្នាមិនដឹងថាតើអ្វីនៅពីក្រោយការចេញមិនរួចនេះទេ។មួយនៅត្រង់ថាគេឲ្យទទួលស្គាល់អានេះជារបស់នេះ,ឲ្យទទួលស្គាល់តំបន់នេះជាប្រទេសរបស់នេះ,ប្រធានអាស៊ានមិនមែនជាចៅក្រមកាត់ក្តីទេ,ហេតុនេះហើយទើបយើងចេញមិនរួច។មុនធ្វើប្រធានសូមផ្ញើសារទៅកាន់ពិភពលោកសូមឲ្យស្គាល់ធាតុពិតនៃបញ្ហាឆ្នាំ ២០១២ ។ តើអ្វីទៅនៅពីក្រោយគឺការចាប់បង្ខំឲ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តី ប្រធានអាស៊ានកាត់សេចក្តី ដែនកោះនេះជារបស់ប្រទេសនេះ ដែនកោះនេះជារបស់ប្រទេសនេះ,តើប្រធានអាស៊ានមានសិទ្ធិអីទៅ,សូមជូនទៅអ្នកវិភាគនយោបាយមិនមែនតែអ្នកវិភាគនៅក្នុងប្រទេសទេគឺចង់ឱ្យអ្នកវិភាគនៅក្រៅប្រទេសនិងអ្នកសរសេរកាសែតធំៗនៅលើពិភពលោកអ្នកមិនដឹងអ្វីកើតឡើងនៅពេលនោះទេ។តែមិនមែនកម្ពុជាការពារចិនទេប៉ុន្តែមកពីប្រទេសដែលដណ្ដើមអធិបតេយ្យលើសមុទ្រចិនខាងត្បូងទាមទារឲ្យប្រធានអាស៊ានចេញពីសេចក្តីប្រកាសទទួលស្គាល់កោះនេះជាកោះរបស់ប្រទេសនេះ,ដែនសមុទ្រនេះជាដែនសមុទ្ររបស់ប្រទេសនេះ,ខ្ខ្ញុំសូមបញ្ជាក់ជូនហើយ ខ្ញុំនឹងខិតខំរួមជាមួយប្រទេសអាស៊ាននិងប្រទេសដទៃទៀតដើម្បីសម្រេចការចរចាកិច្ចព្រមព្រៀង (COC) មួយប្រកប ដោយប្រសិទ្ធភាពអាចទទួលយកបានឆ្នាំ២០២២ វាក៏ជាខួបនៃការចោលបង្កើតឡើងនៅកិច្ចប្រមព្រៀងDOC។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា៖«ប្រសិនបើវាកើតឡើងនូវCOCនៅទីក្រុងភ្នំពេញចុះហត្ថលេខាបាននៅទីក្រុងភ្នំពេញគឺកម្ពុជាសប្បាយចិត្តណាស់សប្បាយចិត្តនៅត្រង់ថាអា DOC ក៏វាកើតនៅភ្នំពេញអា COC ក៏វាកើតនៅភ្នំពេញ RCEP គេហៅថាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់វាក៏បានចេញពីទីក្រុងភ្នំពេញហើយវាចូលជា ធរមាននៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឡើងវិញ។ប៉ុន្តែក្នុងករណីដែលធ្វើមិនបានក្នុងករណីដែលចេញមិនរួចសុំកុំបន្ទោសកម្ពុជា។មូលហេតុងាយយល់ចុះប្រទេស ដទៃទៀតដែលធ្វើអាស៊ានមុនកម្ពុជាម៉េចក៏ធ្វើមិនបាន? ហេតុអីដល់កម្ពុជាមកបន្ទោសកម្ពុជា?និយាយគ្នាទុកឲ្យហើយអាកន្លែងហ្នឹង!»។

សម្តេចតេជោបន្តថាចំណុចនេះហើយបានជាសម្តេចមិនសប្បាយចិត្តនៅឆ្នាំ២០១០ វៀតណាមធ្វើជាប្រធានអាស៊ាន២០១១ ឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានដល់ ២០១២ កម្ពុជាធ្វើជាប្រធានអាស៊ានគេបានទម្លាក់កំហុសមកលើកម្ពុជាតែម្ដងតើអ្នកដឹងទេថានៅពីក្រោយនៃការមិនអាចចេញសេចក្ដីប្រកាសនេះបានដោយសារអ្វី?

សម្តេចតេជោ ហ៊ុន សែន បានបន្តថាកម្ពុជាមិនផ្លាស់ប្ដូរទេជំហររបស់កម្ពុជាដែលសុំបញ្ជាក់ឡើងវិញដែលចាប់ផ្ដើមពីមុនមកទី១.ត្រូវគោរពនិងអនុវត្តដោយពេញលេញនូវ DOC គឺអ្វីដែលបានចុះហត្ថលេខានៅទីក្រុងភ្នំពេញមានតាំងពី បញ្ហាសេរីភាពនាវាចរណ៍ សេរីភាពនៃការហោះហើរការគោរពច្បាប់សមុទ្រ១៩៨២ នេះជាគោលជំហររបស់កម្ពុជា,កម្ពុជាអំពាវនាវឲ្យអនុវត្តឲ្យបានត្រឹមត្រូវ។ទី ២.សូមឱ្យប្រទេសពាក់ព័ន្ធសម្របសម្រួលគ្នាព្រោះប្រធានអាស៊ានគ្មានសិទ្ធិទៅវាស់ដីចែកជូននោះទេឧទាហរណ៍ព្រំដែន វៀតណាមនិងចិនគឺដោះស្រាយរវាងវៀតណាមនិងចិនទៅ … ។ប្រធានអាស៊ានគ្មានសិទ្ធិកាត់សេចក្តីថាចំណុចមួយនេះជារបស់ចិន កោះនេះជារបស់វៀតណាមឬតំបន់នេះ របស់ម៉ាឡេស៊ី ដែនទឹកនេះជារបស់ហ្វីលីពីនឬរបស់ឥណ្ឌូនេស៊ីបានទេ ។ ដូចនេះអស់លោកនៅជាប់គ្នា,អស់លោកពាក់ព័ន្ធជាមួយគ្នាអស់លោកអាចដោះស្រាយគ្នាដូចជា វៀតណាមនិងចិនដោះស្រាយ ជាមួយគ្នាបានច្រើនណាស់ខ្ញុំសូមអបអរសាទរទាំងព្រំដែនគោកគាត់ដោះស្រាយបានទាំងអស់,ព្រំដែនទឹកក៏ដោះស្រាយបានភាគច្រើន ។ សេចក្តីថ្លែងការណ៍វៀតណាមចេញមានចំណុចពិសេសមួយត្រង់ថាចំណុចណាទាក់ទងទ្វេភាគីដោះស្រាយដោយទ្វេភាគីចំណុចណាដែលមានពាក់ព័ន្ធដល់ពហុភាគីដោះស្រាយតាមពហុភា គី  និង  ទី៣. ខិតខំសម្រេច COC ឱ្យបាន ។សម្ដេចថាគោលជំហរប្រទេសដទៃទៀតមិនខុសពីគោលជំហររបស់កម្ពុជានោះទេ ។

សម្ដេចតេជោ ហ៊ុន សែន អះអាងថាការលើកឡើងនេះគឺគ្រាន់តែជាការជូនសារមួយមុន១៥ថ្ងៃ នៃការចូលកាន់ប្រធានអាស៊ានពេញលេញនៅឆ្នាំ២០២២ ខាងមុខហើយសម្ដេចសង្ឃឹមថាបណ្ដាបេសកម្មការទូតដែលវត្តមាននៅកម្ពុជានឹងយកគោលជំហររបស់សម្ដេចទៅដាក់ជូនមេដឹកនាំរបស់ខ្លួន។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានអះអាងថា ៖ «ខ្ញុំនឹងខិតខំជាមួយសមាជិកអាស៊ានដទៃទៀតដើម្បីចរចាជាមួយចិន»។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យប្រទេសមានជម្លោះនៅសមុទ្រចិនខាងត្បូងទាំងអស់ដោះស្រាយជាមួយគ្នាពីព្រោះ អាស៊ាន ឬអង្គការសហប្រជាជាតិក៏គ្មាន សិទ្ធិទៅវាស់ដីចែកជូននោះដែរ  ។ ជាក់ស្តែងដូចករណីកម្ពុជាអ៊ីចឹងគឺកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមជាមួយឡាវនិងជាមួយប្រទេសថៃគឺដោះស្រាយដោយ ទ្វេភាគីពោលគឺអត់មានអ្នកណាមកដោះស្រាយជំនួសទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តទៀតថា៖ខ្ញុំសង្ឃឹមថាការពន្យល់របស់ខ្ញុំនេះគឺជាការពន្យល់មួយមិនមែនខ្លាចគេវ៉ៃប្រហារនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានដោះស្រាយបញ្ហា COC មិនចេញទេ ។ ប៉ុន្តែក៏ត្រូវនិយាយគ្នាបើចេញគឺវាល្អតែបើមិនចេញវិញសូមកុំបន្ទោសកម្ពុជា, កម្ពុជានឹងខិតខំរួមជាមួយនឹងសមាជិកអាស៊ានដទៃទៀតដើម្បីចរចាជាមួយចិន, ក្នុងពេលប្រជុំអាស៊ាន-ចិន នាយករដ្ឋមន្ត្រីចិនបានសន្យារួចហើយថានឹងខិតខំជំរុញការចរចានេះ ។ចំណែកប្រធានាធិបតីចិន លោក ស៊ី ជិនពីង វិញ ក៏បានអះអាងអំពីការខិតខំប្រឹងប្រែង ដើម្បីឲ្យសម្រេចបាននូវក្រមប្រតិបត្តិសមុទ្រ ចិនខាងត្បូង (COC) នេះផងដែរ ។ ដូច្នេះហើយប្រទេសអាស៊ាន ត្រូវតែខិតខំរួមគ្នាជាមួយចិន ដើម្បីពន្លឿនការចរចារ ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តីបានបន្តថា៖«តាមយោបល់ខ្ញុំគួរតែវេចបាយស៊ីចរចាតែម្ដងនៅប្រទេសចិនកន្លះខែវេចបាយស៊ីតែម្ដង វេចបាយបាយស៊ីម៉ងព្រោះកុំជួបគ្នាម្តង៣ ម៉ោង រួចហើយបែកគ្នា៥ខែ ។ បើថាគ្មានកន្លែងទេកម្ពុជាសុំយកអាហាយ៉ាត់(សណ្ឋាគារ)នេះធ្វើកន្លែងចរចាម៉ងឲ្យដេកសណ្ឋាគារផ្កាយ៥កម្ពុជាប៉ាវ ក្រតែថ្លើមធំណាស់ ដើម្បីជួយដោះស្រាយមិត្តភក្តិហើយកុំឱ្យបញ្ហាសមុទ្រចិនខាងត្បូងក្លាយទៅជា ថ្មក្តៅឱ្យទៅជាដំឡូងក្តៅល្អជាង ,សូមកុំបោះដុំថ្មក្តៅឲ្យហ៊ុនសែនកាន់សូមបោះដំឡូងក្ដៅ ឲ្យខ្ញុំវិញ ដំឡូងក្តៅវាក្តៅតែបន្តិចបន្ទាប់មកយើងអាចទទួលទានបានកុំឱ្យដូចឆ្នាំ ២០១២ ដែលបោះដុំថ្មក្ដៅឲ្យកម្ពុជាកាន់» ។

សូមបញ្ជាក់ជូនថា បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនេះ គឺជាបញ្ហាដ៏រសើប និងជាជំងឺដ៏រ៉ាំរ៉ៃមួយដែលមិនទាន់អាចដោះស្រាយបាននៅឡើយទេគិតមកដល់ពេលនេះ។ ប្រទេសជាសមាជិកអាស៊ានដែលមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងនេះតែងតែលើកយកបញ្ហានេះមកដាក់និងសង្កត់ឲ្យកម្ពុជាដោះស្រាយនៅពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ានម្តងៗ។ប៉ុន្តែលើកនេះប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញមកគូសបញ្ជាក់ជាមុនហើយថាប្រធានអាស៊ានមិនមែនជាចៅក្រមកាត់សេចក្តីឬចុះវាស់វែងដី ចែក ឲ្យគ្នានៅក្នុងតំបន់ជម្លោះនៅសមុទ្រចិនបាននោះឡើយ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *