ភ្នំពេញៈអគ្គលេខាធិការនៃ ប្រទេសប្រើភាសាបារាំងនឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេសកម្ពុជា នៅខែមីនា ឆ្នាំ២០២២ ដោយអមមកជាមួយអ្នវិនិយោគិនជាច្រើន ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចនៅប្រទេស កម្ពុជា។ ជាមួយគ្នានេះ ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំងជាមួយព្រឹទ្ធសភាកម្ពុជា ក៏គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
នេះបើតាមការឱ្យដឹងរបស់លោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលចូលជួបធ្វើសវនាការ និងសម្តែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។លោក ហ្សាក់ ប៉ឺឡេត បានជម្រាបសម្តេចប្រធានព្រឹទ្ធសភាថា៖លោកបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា មានការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ មានជំនឿជឿជាក់ថា ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរនឹងកានតែរីកចម្រើនថែមទៀត។តាមរយៈបេកសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា លោកត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួលកិច្ចការទាំងអស់នេះ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចាប់តាំងពីឆ្នាំ១៩៩៩ ហើយគណៈប្រតិភូព្រឹទ្ធសភានៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រហូតដល់ឆ្នាំ២០១៩ ទើបមានការពន្យាពេលដោយសារតែជំងឺកូវីដ១៩។ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងនូវការអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក លោកនឹងខិតខំប្រឹងប្រែងបន្តលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាងនេះទៅទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពី ការជួបគ្នាដំបូងរវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅហ្វែអង់តាដឺណ័រ ប្រទេសបារាំង ដើម្បីស្វែងរកសន្តិភាព និងការផ្សះផ្សាបង្រួបបង្រួមជាតិ ដែលមានសាធារណរដ្ឋបារាំង ជាអ្នកសម្របសម្រួល។ ជំនួបជាប្រវត្តិសាស្រ្តនេះ បានក្រាលផ្លូវនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេចបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្នូលរបស់ប្រទេសបារាំង ក្នុងដំណើរការស្វែងរកសន្តិភាព និងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសកម្ពុជា។
ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង ដែលបានផ្តល់ជំនួយឥតសំណង កម្ចីអធិបតេយ្យ និងកម្ចីមិនអធិបតេយ្យ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ជាមួយគ្នានេះ សម្តេចបានថ្លែងអរគុណដល់រដ្ឋាភិបាលបារាំង ដែលបានជួយអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំងជាច្រើននាក់ និងបណ្តុះបណ្តាលភាសាបារាំងនៅវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា។ ដោយឡែកសម្រាប់ឆ្នាំសិក្សា២០២១-២០២២ បារាំងបានផ្តល់អាហារូបករណ៍ចំនួន ៥០ កន្លែងបន្ថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ចាប់តាំងពីសភាកម្ពុជាចូលជាសមាជិកសភានិយាយភាសាបារាំង សភាកម្ពុជាបានយកចិត្តទុកដាក់ចូលរួមមហាសន្និបាត និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌសភានិយាយភាសាបារាំងដោយទៀងទាត់។ ក្នុងបរិបទកូវីដ-១៩នេះ សភាកម្ពុជាបានចូលរួមគ្រប់វេទិការបស់មហាសន្និបាតសភានិយាយភាសាបារាំង តាមប្រព័ន្ធនិមិត្ត។
ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ ជិតស្និទជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ៕