(ហ្សឺណែវ)៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្តាហ៍នេះ បានអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Novavax ដែលសហការផលិតជាមួយវិទ្យាស្ថាន សេរឹម (Serum) នៅក្នុងប្រទេសឥណ្ឌា ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនទាំងពីរនេះ អាចផ្គត់ផ្គង់វ៉ាក់សាំងរបស់ពួកគេ ទៅកាន់កម្មវិធី COVAX បាន។
វ៉ាក់សាំងដែលទើបត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយ WHO ខាងលើនេះមានឈ្មោះថា ខូវ៉ូវ៉ាក់ (Covovax)។ វាគឺជាជោគជ័យធំមួយសម្រាប់ក្រុមហ៊ុន Novavax ដែលបានជួបប្រទះការពន្យារពេល លើការទទួលស្គាល់វ៉ាក់សាំងរបស់ខ្លួន ជាយូរណាស់មកហើយ។ ក្រោយ WHO ប្រកាសទទួលស្គាល់វ៉ាក់សាំង Covovax តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Novavax បានកើនឡើងប្រមាណ ៦.៤%។
សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Novavax ផ្ទាល់មានឈ្មោះថា នូវ៉ាសូវីដ (Nuvaxovid) បច្ចុប្បន្ននេះក៏កំពុងស្ថិតក្នុងការត្រួតពិនិត្យ ដោយនិយ័តករឱសថអឺរ៉ុប (EMA) ផងដែរ។ WHO នឹងធ្វើការសម្រេចចិត្តចំពោះ វ៉ាក់សាំង Nuvaxovid របស់ Novavax បន្ថែមទៀត ក្រោយ EMA ចេញរបាយការណ៍របស់ខ្លួននាពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Novavax និងវិទ្យាស្ថាន Serum របស់ឥណ្ឌា ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុត នៅលើពិភពលោកនេះបានប្តេជ្ញាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងហោចណាស់ជាង ១.១ពាន់លានដូស ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។ ប្រការនេះត្រូវបានគេមើលឃើញថា នឹងជួយឲ្យ WHO សម្រេចបានលទ្ធផលបន្ថែមទៀត ជុំវិញផែនការចែកចាយវ៉ាក់សាំង ទៅដល់ប្រទេសក្រីក្រជាចម្បងរបស់ខ្លួន៕