ប្រហែល ៤៥០ លានឆ្នាំមកហើយ ដែលសត្វប្រឡាំងកាសបានកកើតលើផែនដីប្រហែល។ ហើយវាអាចរស់រានមានជីវិតពីការផុតពូជទ្រង់ទ្រាយធំនិងយុគសម័យទឹកកកជាច្រើន ប៉ុន្តែ សត្វនេះអាចផុតពូជក្នុងពេលឆាប់ៗនេះ ដោយសារឈាមពណ៌ខៀវភ្លឺរបស់វាមានសារៈសំខាន់ចំពោះក្រុមហ៊ុនឱសថ។ ឈាមពណ៌ខៀវរបស់វាមានកោសិកាភាពស៊ាំដែលគេស្គាល់ថា Limulus polyphemus (LAL)ដែលងាយចាប់បានបាក់តេរីពុលហើយអាចប្រើដើម្បីសាកល្បងវ៉ាក់សាំងនិងថ្នាំដើម្បីរកជាតិពុលបាក់តេរីដ៏គ្រោះថ្នាក់ មុនពេលផលិតផលដាក់លក់លើទីផ្សារ។ ឈាមរបស់វាត្រូវបានប្រើប្រាស់អស់រយៈពេលជិត ២០ ឆ្នាំមកហើយ ហើយជាឧបករណ៍សំខាន់ក្នុងការសាកល្បងវ៉ាក់សាំងការពារមេរោគកូរ៉ូណានៅលើទីផ្សារនាពេលបច្ចុប្បន្ន។
អ្នកវិទ្យាសាស្ត្របង្ហូរឈាមពីសត្វប្រឡាំងកាស រួចហើយបញ្ជូនពួកវាទៅមហាសមុទ្រវិញ ប៉ុន្តែពួកវាភាគច្រើនបានងាប់។ មន្ទីរពិសោធន៍មួយនៅរដ្ឋសៅខារ៉ូលីណានិយាយថាប្រឡាំងកាសមួយក្បាលត្រូវបានបង្ហូរយកឈាមរហូតដល់ប្រាំបីនាទី។ លោក ខេវិន វីលលៀម ជាអ្នកវិទ្យាសាស្ត្រដែលផលិតកោសិកា LAL សំយោគបានប្រាប់សារព័ត៌មាន The Washington Post ថា “នាពេលបច្ចុប្បន្ននេះ ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលសម្រាប់ការធ្វើតេស្តិ៍រកជាតិពុលក្នុងឱសថគឺពឹងលើការប្រមូលផលនៃសត្វសមុទ្រដែលងាយរងគ្រោះ ឬជិតផុតពូជមួយប្រភេទនេះ”។
ក្រុមអ្នកអភិរក្សបារម្ភថាប្រឡាំងកាសអាត្លង់ទិកអាចនឹងដើរតាមគន្លងប្រឡាំងកាសអាស៊ី ដែលផុតពូជនៅតៃវ៉ាន់និងបាត់ខ្លួនក្នុងទីក្រុងហុងកុង ដោយសារតែការធ្វើតេស្តជីវវេជ្ជសាស្ត្រជាចម្បងនៅទីនោះ។ ខណៈប្រឡាំងកាសរបស់សហរដ្ឋអាម៉េរិកមិនទាន់ជិតផុតពូជ ទិន្នន័យបង្ហាញថា ប្រឡាំងកាសរហូតដល់ ៣០ ភាគរយដែលប្រមូលយកឈាម បានងាប់នៅពេលត្រឡប់ទៅសមុទ្រវិញ៕