ឆ្នាំជូត: រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកខ្លះងាយជួបបញ្ហាចំពោះមុខណាស់ ហើយធ្វើអ្វីក៏ដោយប្រៀបដូចអុំទូកបញ្ច្រាសទឹកដែលមិនងាយទៅមុខតែងាយថយក្រោយ។ការប្រកបការងារបើមិនខិតខំស្រវាស្រទេញទេពិតជាជួបផលលំបាកខ្លាំងជាក់ជាពុំខាន។
អ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូស ហើយអាចកើតបញ្ហាជម្លោះច្រើន ដូចនេះបើមិនចេះរំងាប់ចិត្ត ហើយបណ្តោយតាមហិង្សាទេពិតជាកើតរឿងរាវនាំអំពលទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗយកភាពចង់ចាញ់ឈ្នះគ្នាដាក់ខ្លួនច្រើន៕
ឆ្នាំឆ្លូវ: រាសីល្អជាមធ្យម។ចំពោះស្ត្រី នៅក្នុងផ្ទះសម្បែងងាយកើតជម្លោះវិវាទណាស់ចូរចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាចម្រូងចម្រាសកើតមានឡើង។នៅកន្លែងធ្វើការងារតែង មានការចាប់កំហុសគ្នាច្រើន ហើយទាល់តែអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាជម្លោះពាក្យសម្តីកើតឡើង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំឬទិញទំនិញស្តុកទុកលក់រយះពេលខ្លីឬវែងតែងហុចផ្លែផ្កាគួរសមផងដែរ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំខាល: រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះត្រៀមទប់ទល់បញ្ហាពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។ការប្រកបការងារលោកអ្នកងាយទទួលរងផលប៉ះទង្គិច ហើយពិសេសភ្លើងក្រហមរង់ចាំច្រើនតែម្តង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយ ពីព្រោះផលកម្រៃងាយបាត់បង់ណាស់ដែរ ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំថោះ: រាសីស្រុតចុះ។ដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយឱ្យប្រយ័ត្នបញ្ហាសុខភាពពីព្រោះថាងាយកើតមានជាងសព្វមួយដង។នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែលោកអ្នកនៅតែអាចធ្វើអ្វីៗបានដែរពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់ពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកមានដំណើរជីវិតជួបផលប៉ះទង្គិចច្រើន ដូចនេះទោះធ្វើអ្វីក៏ដោយប្រយ័ត្នថ្លោះធ្លោយ ធ្លាក់ក្នុងគ្រោះចាញ់បោកគេ។
បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពសោះកក្រោះងាយទាំងកើតជម្លោះវិវាទនិងងាយទាំងត្រូវរ៉ូវគ្នា៕
ឆ្នាំរោង: រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តទិញផ្ទះសម្បែង លេងហ៊ុន ឬចរចាក្នុងរឿងអ្វីមួយផង។បើលោកអ្នកចាប់កិច្ចការងារសំខាន់ៗកាន់តែល្អពីព្រោះថាផលជាផ្លែផ្កាមានច្រើនចំពោះមុខផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញនៅថ្ងៃនេះគឺមានសន្ទុះជឿនលឿនទៅមុខ ហើយត្រូវរក្សាភាពស្ងប់ស្ងាត់ដាច់ខាតបើធ្វើជំនួញបានកាក់កបល្អមិនត្រូវក្អេងក្អាងឡើយបើពុំនោះទេអាចហុចផលអាក្រក់ណាមួយមកវិញជាក់ជាពុំខាន។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំម្សាញ់: រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនធ្វេសប្រហែស ឬមិនធ្វើអ្វីដែលជាការប្រមាថមើលងាយនោះបញ្ហាមិនល្អក៏មិនអាចឈានចូលកើតដែរ។ក្រៅពីនេះមិនត្រូវទៅជិតតំបន់ប្រឈមបញ្ហាអ្វីមួយឡើយ។ដំណើរជីវិតមិនល្អប្រសើរទេ ហើយបើចង់ធ្វើអ្វីមួយដែលសំខាន់ហើយចង់ធ្វើការពន្យាពេលក៏ប្រសើរដែរ។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។
សម្ព័ន្ធស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំមមី: រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបលើកំណាត់ផ្លូវល្អប្រសើរគួរសម ហេតុនេះចង់ធ្វើអ្វីតែងជឿនលឿនគ្រាន់ជាទីកក់ក្តៅ។ ថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់ចុះប្រកបការងារ ឬសម្រេចចិត្តអ្វីមួយតែងហុចជាលទ្ធផលគ្រាន់ជាទីពេញចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃព្រោះអាចមានការជឿនលឿនគ្រាន់គួរសម។
រីឯសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមដូចសព្វមួយដង៕
ឆ្នាំមមែ: រាសីខ្ពស់ត្រដែត។ថ្ងៃនេះដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយដូចពាក្យចាស់ថា“ទឹកឡើងប្រញាប់ដួសទុក”ពីព្រោះថាលោកអ្នកធ្វើអ្វីតែងទទួលជាលទ្ធផលគ្រាន់ជាទីគាប់ចិត្តត្រឡប់មកវិញ។ទាំងស្ត្រីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬ ចេញប្រកបកិច្ចការងារអ្វីមួយពីព្រោះថាផលតែងរង់ចាំចំពោះមុខផង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃពេលនេះឃើញថាមិនគាប់ប្រសើរប៉ុន្មានទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញគ្រាន់គាប់ប្រសើរជាង។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំវក: រាសីល្អជាមធ្យម។ការរស់នៅចូរប្រយ័ត្នកូនចៅឬសូម្បីតែចាស់ទុំឪពុកម្តាយងាយកើតជាបញ្ហាជំងឺយាយីម្ល៉ោះហើយគប្បីចេះប្រយ័ត្នប្រយែង។ការប្រកបកិច្ចការងារងាយកើតបញ្ហាមួយចំនួនចំពោះមុខផង ហេតុនេះត្រូវដោះស្រាយឱ្យទាន់សភាពការណ៍ទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់ស្រវ៉ាចាប់តែអាធំ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំរកា: រាសីស្រុតចុះ។បើមានអ្វីមួយចង់ធ្វើមិនត្រូវសង្ឃឹមពេកឡើយ ពីព្រោះថាអ្វីដែលលោកអ្នកសង្ឃឹមវាអាចប្រែក្រឡាស់មកជាអត់ និងពេលខ្លះក្រុមមនុស្សដែលធ្លាប់តែល្អគេអាចបែរមកព្រួតគ្នាវាប្រហារអ្នកថែមទៀត។ការប្រកបការងារវិញមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែមានការប្រុងប្រយ័ត្ន និង ខិតខំទើបបញ្ហាអាក្រក់វានឹងប្រែមកជាល្អវិញ។ការធ្វើជំនួញតែងមានឧបទ្រពចង្រៃបិទបាំងធ្វើឱ្យការជួញឆ្ងាយជិតមិនសូវសមដូចប្រកបឡើយ ហើយបើនិយាយពីចំណូលនោះតិចតួចស្តួចស្តើងដោយអ្នកខ្លះសឹងថាចិញ្ចឹមខ្លួនឯងមិនគ្រាន់មាត់ផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះទុកចិត្តគ្នា និងមិនត្រូវប្រកែប្រកាន់ច្រើនឡើយពីព្រោះថានោះសុទ្ធសឹងនាំរឿងរាវអំពល់ទុក្ខប៉ុណ្ណោះ៕
ឆ្នាំច: រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ និងពិសេសមានជោគមានលាភហូរចូលមួយចំនួនផង។ចំពោះលោកអ្នកដែលបំពេញការងារក្រុមហ៊ុនឯកជន និងជាមន្ត្រីរាជការមានដំណើរជីវិតល្អប្រសើរ ហើយធ្វើអ្វីៗតែងទទួលជាផ្លែផ្កាគ្រាន់ជាទីមនោរម។អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
រីឯបញ្ហាស្នេហាស្វាមីភរិយាតែងមានភាពស្រុះស្រួល និងអត់ឱនឱ្យគ្នាច្រើន៕
ឆ្នាំកុរ: រាសីល្អជាមធ្យម។អំឡុងពេលនេះលោកអ្នកជួបស្ថានភាពលំបាកទៅលើបញ្ហាប្រាក់កាស ហើយបើមានជំពាក់បំណុលគេផងគឺគេអាចទារមុខទារក្រោយថែមទៀត។ការប្រកបការងារពុំសូវមានការជឿនលឿនទៅមុខទេ ហើយក្រុមមនុស្សចាំមើលតែកំហុសក៏មានច្រើន។ចំពោះអ្នកប្រកបរបរកស៊ីជួញដូរទោះខ្សត់ខ្សោយចំណូលថវិការពិតមែន ប៉ុន្តែការធ្វើជំនួញរបស់លោកអ្នកសុខដុមដូចសព្វមួយដងទេ។
សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ សូម្បីតែស្វាមីភរិយាក្តី អារម្មណ៍ពុំសូវល្អចំពោះគ្នាឡើយព្រោះជួនផ្អែម ជួនជូរចត់អញ្ចឹងដែរ៕