(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីថ្មីរបស់វៀតណាម បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចរបស់លោក ង្វៀន សួនហ៊្វុក នៅកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោក ង្វៀន សួនហ៊្វុក នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះទីនាំងទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់គន្ធបុប្ផា ក្នុងព្រះបរមរាជវាំង។ លោក ង្វៀន សួនហ៊្វុក ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កន្ត្រកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីនោះ លោក ង្វៀន សួនហ៊្វុក នឹងមានជំនួបដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ នៅក្រោយជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន មានឯកសារសំខាន់ៗមួយចំនួន នឹងត្រូវពិធីចុះហត្ថលេខា។ ក្រសួងការបរទេសបានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ៊្វុក មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
តាមរយៈទំនាក់ទំនងល្អប្រសើរនឹងគ្នានេះ មេដឹកនាំកម្ពុជា និងមេដឹកនាំរបស់វៀតណាម តែងបានផ្លាស់ប្តូរដំណើររវាងគ្នាជាញឹកញាប់។ លោក ង្វៀន សួនហ៊្វុក ក៏ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០១៧ផងដែរ ពេលលោកមានតួនាទីជានាយករដ្ឋមន្ត្រីវៀតណាម។
ឈរលើកិច្ចសហប្រតិបត្តិការល្អនេះ កម្ពុជា និងវៀតណាម តែងបានជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកលើការលំបាកនានា។ ជាពិសេសនៅក្នុងពេលរាតត្បាតជំងឺកូវីដ១៩ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ក្នុងនោះវៀតណាម បានផ្តល់ថវិកាប្រមាណ ៣២ម៉ឺនដុល្លារ បូករួមនឹងគ្រឿងបរិក្ខារពេទ្យជាបន្តបន្ទាប់មកកាន់កម្ពុជា។ ដោយឡែកកម្ពុជា ក៏បានផ្តល់ថវិកាសរុបប្រមាណ ៣៥ម៉ឺនដុល្លារ ព្រមទាំងបរិក្ខារពេទ្យជាច្រើនទៀត ទៅកាន់ប្រទេសវៀតណាម។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជូនរដ្ឋាភិបាលវៀតណាម នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមចំនួន ២០ម៉ឺនដូសទៅកាន់ប្រទេសវៀតណាមផងដែរ៕