(ភ្នំពេញ)៖ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណលោក ង្វៀង ស៊ួនហ្វុក (NGUYEN XUAN PHUC) ប្រធានាធិបតីវៀតណាម សម្រាប់ការគាំទ្រកម្ពុជាធ្វើយ៉ាងណាឱ្យទទួល ជោគជ័យក្នុងកិច្ចប្រជុំអាស៊ានឆ្នាំក្រោយនេះ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបកំពូល នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសដែល លោក ង្វៀង ស៊ួនហ្វុក មកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សម្តេចក៏បានថ្លែងអំណរគុណលោកង្វៀង ស៊ួនហ្វុក ដែលកន្លងមកគាំទ្រ និងជួយដល់កម្ពុជា ធ្វើឱ្យកម្ពុជាជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣។ ប្រទេសកម្ពុជា នឹងធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំ២០២២ខាងមុខនេះ។ ជាមួយនឹងតួនាទីដ៏សំខាន់នេះ អាស៊ានបានលេចឡើងនូវបញ្ហាជាច្រើនក្នុងនោះមានបញ្ហាមីយ៉ាន់ម៉ា និងការប្រកួតប្រជែងលើភូមិសាស្រ្តនយោបាយ នៃប្រទេសមហាអំណាចផងដែរ។
នៅក្នុងសន្នីសីទសារព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Thị Thu Hằng បានលើកឡើងថា វៀតណាមគាំទ្រកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ខាងមុខនេះ ខណៈដែលកម្ពុជា មានបំណងចូលរួមដោះស្រាយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងដើម្បីពង្រឹងមជ្ឈភាពអាស៊ាន៕