(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិ គន្ធបុប្ផាកម្ពុជា ជា បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូ នៃរដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត ខណៈដែលលោក បាននាំមកនូវវិភាគទានសប្បុរសធម៌ សរុបចំនួន ៥២២,៤៥៧,០០០ រៀល និង ១,១៥០ ដុល្លារអាមេរិក បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាល និងសហការីគ្រប់ជាន់ថ្នាក់ ដែលបានកៀរគរ ថវិកាសប្បុរសធម៌ទាំងនេះ ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងបានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តួចផ្តើមបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះឡើង ក្នុងគោលបំណងបំផុស និងបណ្តុះស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមគ្នារក្សា ឲ្យបាននូវនិរន្តិរភាពនៃកិច្ចដំណើការ របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង ដែលយើងទាំងអស់គ្នាសុទ្ធតែបានដឹង និងទទួលស្គាល់ថាជា «មន្ទីរពេទ្យបង្គោលរបស់ជាតិ» ក្នុងការពិនិត្យ និងព្យាបាលកុមារកម្ពុជា រាប់លាន’នាក់។
លោក គង់ សោភ័ណ្ឌ បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាត ឲ្យគណៈប្រតិភូនៃរដ្ឋបាលខេត្តកណ្តាល ជួបសំណេះសំណាលដោយផ្ទាល់ និងនាំមកនូវថវិកាវិភាគទានដែលទទួលបានពីទឹកចិត្តសប្បុរសធម៌ ពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៅខេត្តកណ្ដាល ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកអភិបាល បានលើកឡើងថា ទោះបីកំពុងស្ថិតក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ យ៉ាងណាក្តី, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលបាន និងកំពុងបម្រើការ នៅខេត្តកណ្តាល តែងតែគាំទ្រការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជំនួសមុខឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនខេត្តកណ្តាល, លោកក៏បានថ្លែងនូវការគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តួចផ្តើមបង្កើតមូលនិធិគន្ធបុប្ផានេះឡើង។
លោកបានប្តេជ្ញាចិត្តក្នុងការបន្តដឹកនាំ ផ្សព្វផ្សាយ និងបំផុសឲ្យមានការបន្តចូលរួម ផ្តល់វិភាគទានសប្បុរធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាប្រចាំផងដែរ។ ជាថ្មីម្តងទៀត អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរស ក្នុងការចូលរួមគាំទ្រការបង្កើត រចនាសម្ព័ន្ធទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជានេះ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សូមលើកទឹកចិត្ត និងអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័នរដ្ឋ រដ្ឋបាលគ្រប់រាជធានី-ខេត្ត ក៏ដូចជាអង្គការ ក្រុមហ៊ុនឯកជន និងសារធារណជន ឲ្យបន្តចូលរួមសកម្មភាពមនុស្សធម៌នេះ ដើម្បីសុខុមាលភាព ស្នាមញញឹម និងអនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា៕