កំពង់ស្ពឺ៖កាលយប់វេលាម៉ោង២ និង៣០នាទី ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។ រថយន្តមួយគ្រឿង បើកក្នុងល្បឿនលឿនបានបុក ម៉ូតូ បណ្ដាលអោយ បុរសពីរនាក់បានស្លាប់ភ្លាមៗ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតក្នុងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម C125 (2019) ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N.0252 បើកបរដោយឈ្មោះ ធឿន ចុន ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិចំការដូង ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រួមដំណើរ ជាមួយ ឈ្មោះ ឈឺន សុខហួត ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកបរមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តមួយគ្រឿងម៉ាក ស្តារិច ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 2A.5943 បើកបរដោយឈ្មោះ ហង់ ចាន់ ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិចំបក់ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យភាគីខាងម៉ូតូស្លាប់ទាំង២នាក់ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
កម្លាំងនគរបាលជំនាញបានមកធ្វើការវាស់វែងនិងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គរងចាំដោះស្រាយនៅពេលក្រោយ៕