នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ជនជាប់ចោទ៦នាក់ ដែលពាក់ព័ន្ធនឹងការញុះញង់ និងរៀបចំការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។
មនុស្សទាំង៦នាក់ដែលត្រូវបានតុលាការឃុំខ្លួននេះ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃឆ្លងឆ្នាំ ដោយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីពួកគេធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
មនុស្ស៩នាក់ដែលត្រូវតុលាការចោទប្រកាន់នោះ រួមមាន៖
- ឈឹម ស៊ីថរ
- រី សុវណ្ណឌី
- សុន ស្រីពេជ
- ហៃ សុភាព
- ឃ្លាំង សុបិន្ត
- ទូច សិរីមាស
- ឈឹម សុខន
- សុខ ណារិទ្ធ
- សុខ គង្គ
ក្នុងចំណោម៩នាក់នេះ មាន៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ ខណៈ៣នាក់បានរត់គេចខ្លួន
សូមបញ្ជាក់ថា នៅមុនមានការចាប់ខ្លួនមេក្រុមបាតុករទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្របសម្រួល និងអំពាវនាវឲ្យពួកគេផ្អាកសកម្មភាព ដើម្បីអបអរសាទរដល់ការឆ្លងឆ្នាំ បុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែពួកគេពុំបានបញ្ឈប់តាមការអំពាវនាវនោះឡើយ៕